(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដែលជាស្ថាប័នព័ត៌មានឈានមុខមួយនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានទទួលពានរង្វាន់ពីនិយ័តករបរធនបាលកិច្ច ក្នុងនាមជាអង្គភាពសារព័ត៌មានឆ្នើម ប្រឆាំ២០២៣ ក្នុងការផ្សព្វផ្សាយព័ត៌មានបរធនបាលកិច្ច ទៅដល់សាធារណជន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញការយល់ដឹងពី វិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយរបស់កម្ពុជា។

ពានរង្វាន់នេះ ប្រគល់ដោយសារលោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច ក្នុងកម្មវិធី «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤» ក្រោមប្រធានបទ «បរធនបាលកិច្ច លើសពីថ្នាលបង្កើតទំនុកចិត្ត» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

គិតចាប់តាំងពីការបង្កើតនិយ័តករបរធនបាលកិច្ច នៅអំឡុងឆមាសទី២ ឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ន អង្គភាពព័ត៌មាន Fresh News បាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយនូវព័ត៌មានយ៉ាងច្រើន ជាប្រចាំអំពីវិស័យបរធនបាលកិច្ច ដើម្បីបញ្ជ្រាបចំណេះដឹងដល់សាធារណជន ហើយនេះជាឆ្នាំទី២ហើយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពានរង្វាន់ជា «អង្គភាពសារព័ត៌មានឆ្នើម» ពីនិយ័តករបរធនបាលកិច្ច។

សូមជម្រាបថា មានក្រុមហ៊ុន និងស្ថាប័នដែលទទួលបានពានរង្វាន់ពីនិយ័តករបរធនបាលកិច្ច ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ រួមមាន៖

ទី១៖ ក្រុមហ៊ុនបរធនបាលឆ្នើម ប្រចាំឆ្នាំ២០២៣ ចំនួន៣ រួមមាន៖ ក្រុមហ៊ុន កាណា ត្រាស ឯ.ក, ក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក និងក្រុមហ៊ុនស្រ្តងហូល ត្រាសធី ឯ.ក,

ទី២៖ ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យ បរធនបាលកិច្ចឆ្នើម ប្រចាំឆ្នាំ២០២៣ ចំនួន ៣ រួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ និងធនាគារ កាណាឌីយ៉ា ក.អ,

ទី៣៖ ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចឆ្នើម ប្រចាំឆ្នាំ២០២៣ ចំនួន ៣ រួមមាន៖ ក្រុមហ៊ុន មេហ្គា អាសិត មេនេចមិន, ក្រុមហ៊ុន ខូហ្ស៊ីហូម ឯ.ក និងក្រុមហ៊ុន ស៊ី ភី អែល ខេមបូឌា ប្រភើធី លីមីតធីត,

ទី៤៖ ក្រុមបរធនបាលឆ្នើម ប្រចាំឆ្នាំ២០២៣ ចំនួន ៣ រួមមាន៖ បរធនបាលកិច្ចហិរញ្ញវត្ថុអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់, បរធនបាលកិច្ចហិរញ្ញវត្ថុហត្ថាកសិករ និងបរធនបាលកិច្ចហិរញ្ញវត្ថុប្រាសាក់,

ទី៥៖ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ចំនួន ១ គឺ លោកបណ្ឌិត ព្រំ វិសុទ្ធ បរធនបាលរូបវន្តបុគ្គលឯករាជ្យ នៃបរធនបាលកិច្ចសង្គមអង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ,

ទី៦៖ បរធនបាលដែលសកម្មក្នុងការងារសង្គម ប្រចាំឆ្នាំ២០២៣ ចំនួន ៤ រួមមាន៖ បរធនបាលនៃបរធនបាលកិច្ចសាធារណៈ មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់, ក្រុមបរធនបាលនៃបរធន- បាលកិច្ចហិរញ្ញវត្ថុ ហត្ថាកសិករ និងក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុប្រាសាក់,

ទី៧៖ ដៃគូសហប្រតិបត្តិការសកម្ម ប្រចាំឆ្នាំ២០២៣ ចំនួន ១ គឺ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

ទី៨៖ អង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៣ ចំនួន២ រួមមាន៖ សារព័ត៌មាន FRESH NEWS និងសារព័ត៌មាន ខេមបូណូមីស៕