(ភ្នំពេញ)៖ លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីណ៍ និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៨ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ការជួបសំណេះសំណាលនេះ បានធ្វើឡើង នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងប្រៃសណីណ៍ និងទូរគមនាគមន៍។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា ព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹង និងបទពិសោធថ្មីៗពីកម្មវិធីនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យស័ក្តិសមជាយុវជនតំណាងប្រទេសជាតិ និងយុវជនឆ្នើមកម្ពុជានៅលើឆាកអន្តរជាតិ។

សូមជម្រាបជូនថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនដូចជា ការពង្រឹងនិងពង្រីកកិច្ចការទំនាក់ទំនង ការរៀនធ្វើការងារជាក្រុម ការផ្លាស់ប្តូរបទពិសោធ និងចែករំលែកចំណេះដឹងផ្សេងៗ៕