(អូម៉ង់)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារ និងពិសារអាហារមិត្តភាព ជាមួយលោកបណ្ឌិត Mohammed Said Khalfan Al Mamari រដ្ឋមន្ត្រីក្រសួងគរុភណ្ឌ និងកិច្ចការសាសនា, លោកបណ្ឌិត Abdullah Bin Nasser Bin Khalifa Al Harrasi រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកបណ្ឌិត Mahad Bin Said Bin Ali Baowain រដ្ឋមន្ត្រីក្រសួងការងារ, លោក Khalifa Bin Ali Bin Issa Al Harthy អនុរដ្ឋក្រសួងការបរទេស នៃរដ្ឋអារ៉ាប់ស៊ុលតុងអូម៉ង់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសដំណើរទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋអារ៉ាប់ស៊ុលតុងអូម៉ង់។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់ជូនសហគមន៍ឥស្លាមជាច្រើន ក្នុងនោះសហគមន៍ឥស្លាមត្រូវបានអនុញ្ញាតឲ្យមានតួនាទីក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។
លោកក៏បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងបានបង្កនូវភាពងាយស្រួលដល់ការងារវិនិយោគ ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត។ ជាពិសេសកម្ពុជា កំពុងជីកព្រែកហ្វូណនតេជោ និងកំពង់ផែសមុទ្រទឹកជ្រៅ។ល។ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើងជាបន្តបន្ទាប់។
ក្នុងឱកាសនៃអាហារសាមគ្គី បណ្តារដ្ឋមន្រ្តីប្រទេសជាមិត្ត ក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថ្លែងការគាំទ្រប៉ាឡេស្ទីនជារដ្ឋឯករាជ្យតាមច្បាប់អន្តរជាតិ ក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាតិលើកទី៧៩ កន្លងទៅថ្មីៗនេះ។ ភាគីមិត្តបានត្រៀម និងរង់ចាំជួយសម្របសម្រួល និងជំរុញដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-អូម៉ង់ ឲ្យកាន់តែប្រសើរឡើងទ្វេរដង។
ជាងនេះទៀត រដ្ឋមន្រ្តីទាំងអស់បានកោតសសើរដល់កម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងជាប្រទេសដែលមានសុខសន្តិភាពពេញលេញ រួមទាំងមានសុខដុមសាសនា និងលើកកម្ពស់សិទ្ធិសេរីភាពសាសនាយ៉ាងទូលំទូលាយ៕