(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីចំនួន ៩៩នាក់ មកពី ១២រាជធានីខេត្ត និង ២ក្រសួង នឹងត្រូវចូលរួមការប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នាថ្ងៃទី៤-០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅផ្សារទំនើបដឺភីក (Thea Peak) ដែលបានសហការ និងផ្ដល់ទីតាំងដល់សហព័ន្ធ សម្រាប់រៀបចំព្រឹត្តិការណ៍ប្រចាំ ២ឆ្នាំម្ដងនេះ ។
ទន្ទឹមជាមួយកិច្ចសហការនេះ ដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ សម្រាប់កីឡាគុនដាវ ខាងលើ សហព័ន្ធកីឡាគុនដាវកម្ពុជា ក៏បានរៀបចំសិក្ខាសាលា និងរៀបចំការកម្សាន្ដនានា សម្រាប់មហាជនទូទៅ ក៏ដូចជាបំផុតការស្វែងយល់អំពីសិល្បៈនៃកីឡាគុនដាវ ដែលជាកីឡាប្រណិតមួយ ពោរពេញទៅដោយភាពច្បាស់លាស់ យុទ្ធសាស្ត្រ អមជាមួយនឹងភាពរហ័ស នាឱកាសផងដែរ ។
យោងតាមមន្ដ្រីសហព័ន្ធ បានឲ្យដឹងថា កីឡាគុនដាវ គឺជាកីឡាដែលមានប្រជាប្រិយ និងមានភាពទាន់សម័យដែលប្រទេសជឿនលឿនមួយចំនួនធំចូលចិត្តហ្វឹកហាត់ និងលេងកម្សាន្ត ដូចដែលបានដឹងមកហើយថាក្នុងអំឡុងពេលអូឡាំពិកប៉ារីសឆ្នាំ ២០២៤ ការប្រកួតកីឡាគុនដាវត្រូវបានរៀបចំឡើងនៅ Grand Palais បេះដូងនៃទីក្រុងប៉ារីស នេះបង្ហាញពីភាពពេញនិយម និងល្បីល្បាញបំផុតនៃកីឡាគុនដាវលើពិភពលោក។
ទន្ទឹមជាមួយគ្នា ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា ពិសេសកីឡាគុនដាវ ផ្សារទំនើបដឺភីក ដែលត្រៀមនឹងបើកដំណើរការសាកល្បងជំហានដំបូង នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ក៏បានផ្ដល់ការគាំទ្រនូវទីតាំងប្រកួតដល់សហព័ន្ធកីឡាគុនដាវកម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ព្រមទាំងបានត្រៀមខ្លួនស្វាគមន៍សម្រាប់ការផ្តល់ទីតាំងបម្រើដល់ការប្រកួតលក្ខណៈជាតិ និងអន្តរជាតិនានាទៀតផង ។
យោងតាមអ្នកនាំពាក្យ The Peak បានឲ្យដឹងថា «ការប្រកួតកីឡាគុនដាវ នៃកីឡាជាតិ គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយសម្រាប់យើងក្នុងការណែនាំ ដឺភីក ទៅកាន់សាធារណជន ។ យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ផ្តើមមុនការបើកដំណើរការជាផ្លូវការរបស់យើងជាមួយនឹងព្រឹត្តិការណ៍ជាតិដ៏មានកិត្យានុភាពបែបនេះ និងផ្តល់កន្លែងដ៏ស្វាហាប់សម្រាប់អត្តពលិក ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋានផងដែរ» ។
គួរដឹងថា ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ គ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ចំពោះកីឡាជាតិ លើកទី៤ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កីឡាចំនួន ៣៦ប្រភេទ និងកីឡាជាតិជនពិការ លើកទី២ ក្រសួងបានកំណត់កីឡាចំនួន ៧ប្រភេទ សម្រាប់រៀបចំការប្រកួតពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅ ៥រាជធានី-ខេត្ត រួមមាននៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ៕