(ភ្នំពេញ)៖ ក្រុមហ៊ុន J Trust Asia ដែលតំណាងដោយលោក Nobiru Adachi បានអញ្ជើញទៅគោរព និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់បណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសនៃធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងរាស្រ្តខេត្តកំពង់ធំ នៅគេហដ្ឋាននៃសពបណ្ឌិត ជា ចាន់តូ ស្ថិតនៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ លោក Nobiru Adachi បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាកូនស្រីរបស់បណ្ឌិត ជា ចាន់តូ ព្រមទាំងក្រុមគ្រួសាររបស់បណ្ឌិត ជា ចាន់តូ ។
លោក Nobiru Adachi បានមានប្រសាសន៍ថា «ការបាត់បង់នៃឯកឧត្តមលោកបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាដ៏អស្ចារ្យម្នាក់ ជាពិសេសវាគឺជាការបាត់បង់អ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលបានដឹកនាំវិស័យធនាគារ និងហិរញ្ញវត្ថុ ឱ្យរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា និងឯកឧត្តមលោកបណ្ឌិតបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទាំងបញ្ញា និងស្មារតី ដើម្បីជម្នះរាល់ឧបសគ្គដើម្បីបម្រើជាតិពេញមួយជីវិតរបស់ឯកឧត្តមបណ្ឌិត»។
បន្ថែមពីលើនេះ លោក ក៏បានបន្តទៀតថា «ការលះបង់របស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នឹងត្រូវបានចងចាំជានិច្ច»។
គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ បណ្ឌិត ជា ចាន់តូ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ក្រុមហ៊ុន J Trust Asia ជាមួយនឹងដំណើរការទិញភាគហ៊ុននៃក្នុងធនាគារ អេ អ៊ិន ហ្សេត រ៉ូយ៉ាល់ (ដែលបច្ចុប្បន្នប្តូរឈ្នោះថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់) ព្រមទាំងបន្តការគាំទ្រធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលជាហេតុអាចឱ្យធនាគារនេះដំណើរការ និងរីកដុះដាលដល់សព្វថ្ងៃនេះ៕