(ស្វាយរៀង)៖ លោក សេង សីលា អភិបាលរងខេត្តតំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក (២០២៥-២០២៧) ឆ្នាំ២០២៤ នៅក្រុងបាវិត។

សិក្ខាសាលានេះ មានការចូលរួមពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោកចៅសង្កាត់ទាំង៥ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក លឹម សៀងហេង បានថ្លែងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ក្នុងឆ្នាំ២០២៤នេះ ជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ក្រុង ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។

លោក សេង សីលា បានថ្លែងថា អង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៤ គឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្តានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អ ប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បី សម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។

បន្ថែមលើសពីនេះ លោកអភិបាលរងខេត្តបានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែល ជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។

លោកបានស្នើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើការកែសម្រួលដើម្បីបន្តបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងកិច្ចសន្យានានា រួចផ្ញើឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរ ផែនការខេត្ត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ជាអ្នកជួយ និងចូលរួមទទួលខុសត្រូវ ជំរុញការអនុវត្តឱ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អ និងទាន់ ពេលវេលាតាមកាលកំណត់។

លោកបានបន្តថា ក្រុមប្រឹក្សាសង្កាត់ ត្រូវលើកជាសំណួរ ចំពោះមន្ទីរ អង្គភាព និងអង្គការពាក់ព័ន្ធ ដែលបានគាំទ្រហើយមិនទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក។ បន្ថែមលើសពីនេះ អាជ្ញាធរក្រុង ស្រុក ត្រូវប្រើឱកាសនេះ សម្រាប់ផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរ អង្គភាព អង្គការនានា និងសប្បុរសជន អំពីកិច្ចការផ្តល់សេវាយ៉ាងណាឱ្យល្អប្រសើរ ឬក៏បង្ហាញអំពីបញ្ហាប្រឈមរួម ដែលកើតមាននៅតាមបណ្តាឃុំ សង្កាត់របស់ខ្លួន៕