(កំពង់ចាម)៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងដំណាក់កាលទី២ និងការពិនិត្យឡើងវិញនូវមុខងារ ដែលក្រសួងបានធ្វើប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារ LBN ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងថា ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏នៅតែជាស្នូលនៃយុទ្ធសាស្ត្រនេះ ដែលផ្តោតលើការពង្រឹងអភិបាលកិច្ច ការកែទម្រង់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងការងារ និងការផ្តល់សេវាសាធារណៈប្រកបដោយភាពខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្នុងគោលដៅបម្រើប្រយោជន៍ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។
ដើម្បីសម្រេចបាននូវទស្សនទានខាងលើនេះក្រសួងព័ត៌មាន ចាំបាច់ត្រូវធ្វើការពិនិត្យមើលលទ្ធភាពការផ្ទេរមុខងារសមស្រប ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយភ្ជាប់ជាមួយនូវធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងធនធានចាំបាច់នានាជាជំហានៗ ឱ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបានបន្តថា ពេលបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានធ្វើការផ្ទេររចនាសម្ព័ន្ធការិយាល័យព័ត៌មានក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រុង ស្រុក និងបានធ្វើប្រតិភូកម្មមុខងារផ្តល់សេវាវិស័យព័ត៌មាននិងសោតទស្សន៍ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិរួចរាល់។ ប៉ុន្តែ មន្ត្រីដែលទទួលអនុវត្តមុខងារនេះ គឺមិនទាន់បានយល់ច្បាស់អំពីទស្សនទានកំណែទម្រង់នៅឡើយ ដែលជាហេតុធ្វើឱ្យការអនុវត្តមុខងារដែលបានផ្ទេរប្រព្រឹត្តទៅមិនទាន់បានរលូន និងមានភាពយឺតយ៉ាវ។ នៅក្នុងន័យនេះគណៈកម្មការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងព័ត៌មានដែលមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន បានរៀបចំសិក្ខាសាលាតម្រង់ទិសនាថ្ងៃនេះ ស្ដីពីការពិនិត្យមើលឡើងវិញមុខងារ របស់ក្រសួងព័ត៌មាន ដែលបានធ្វើប្រតិភូកម្មទៅឱ្យមន្ទីរព័ត៌មានរាជធានី ខេត្ត និងទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីកំណត់ជាថ្មីនូវប្រភេទមុខងារ និងទំហំមុខងារ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍សម្រាប់ធ្វើប្រតិភូកម្មក្នុងជំហានបន្ទាប់។
បច្ចុប្បន្ននេះនៅតាមមន្ទីរព័ត៌មានរាជធានី ខេត្ត ក្រសួងព័ត៌មានបានបង្កើតមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិដែលមានគ្នាចំនួន៥រូប នៅថ្នាក់រាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិតគឺខុសពីកម្ពុជានៅលើសារដែលបង្ហោះតាមបណ្ដាញសង្គម។ ការផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយទាំងឡាយអំពីកម្ពុជា បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ នោះគឺស្ថានភាព និងការវិវត្តជាវិជ្ជមាន ជាក់ស្តែងនៅកម្ពុជាក្រោមដំបូលនៃសន្តិភាពពេញលេញ ជាពិសេសភាពចាស់ទុំខាងនយោបាយរបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស ជាក់ស្តែងគឺការរៀបចំឱ្យមានដំណើរទស្សនកិច្សស្វែងយល់ការពិតនៅតាមបន្ទាត់ព្រំដែនជាប់ប្រទេសវៀតណាម ក្នុងខេត្តចំនួន៤នៅភូមិភាគឦសាន្ត អំពីការរីកចម្រើនលើគ្រប់វិស័យ ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋមានស្ថានភាពល្អប្រសើរ និងកំពុងមានការអភិវឌ្ឍន៍ឈានឡើងជាបន្តបន្ទាប់៕