(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងផែនការ តំណាងរដ្ឋមន្ត្រីក្រសួងផែនការ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីមន្ទីរផែនការរាជធានី-ខេត្ត នៅខេត្តតាកែវ ថ្ងៃទី៣០ ខែតុលា ដល់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលស្តីពីស្ថិតិប្រជាសាស្ត្រនេះ មានរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីទស្សនាទាន ជាមូលដ្ឋានសំខាន់ៗ របស់ស្ថិតិប្រជាសាស្ត្រ ដូចជា ទំហំគ្រួសារ ការបែងចែករបាយប្រជាជនតាមតំបន់ភូមិសាស្ត្រ សមាសធាតុប្រជាជន (អាយុ ភេទ ជាតិព័ន្ធ និងចរិតលក្ខណៈផ្សេងៗទៀត) ការផ្លាស់ប្តូរបម្រែបម្រួលប្រជាសាស្ត្រ កំណើត លទ្ធភាពមានកូន មរណភាព ចំណាកស្រុក ជាដើម ព្រមទាំងវិធីសាស្ត្រគណនាផងដែរ។
នាឱកាសនោះ លោក រិន វីរៈ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសមន្ត្រី ដែលមិនធ្លាប់ទទួលបាន ការបណ្តុះបណ្តាលស្ថិតិប្រជាសាស្ត្រនេះ ព្រោះវគ្គនេះផ្តល់ជាចំណេះដឹងមូលដ្ឋាន របស់ស្ថិតិ ហើយការបើកវគ្គបណ្តុះបណ្តាលនេះ ជាការរួមចំណែកបន្ថែមទៀត ក្នុងការកសាងធន ធានមនុស្សលើផ្នែកស្ថិតិ ដើម្បីធ្វើឲ្យប្រព័ន្ធស្ថិតិជាតិ កាន់តែមានភាពប្រសើរឡើង។ កន្លងមកវិទ្យាស្ថានជាតិស្ថិតិ បានធ្វើការបណ្តុះបណ្តាល ផ្នែកស្ថិតិជាច្រើន ដល់មន្ត្រី ដូចជា មូលដ្ឋានគ្រឹះស្ថិតិ ស្ថិតិ អនុវត្តន៍ ការប្រើប្រាស់កម្មវិធី Excel ការប្រើប្រាស់កម្មវិធី Redatam កម្មវិធី SPSS កម្មវិធី STATA ការប្រើប្រាស់កម្មវិធីថ្នាល ទិន្នន័យសូចនាករអភិវឌ្ឍន៍ជាតិ (Camstat) និងការគណនា និងវិភាគរបាយការណ៍...។ល។ ជូនដល់មន្ត្រីទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
លោករដ្ឋលេខាធិការ បានជំរុញថា ក្នុងនាមជា មន្ត្រីមន្ទីរផែនការ ត្រូវតែមានការហ្វឹកហាត់ទាំងចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដច្បាស់លាស់ ទាំងការងារផែនការ ការងារស្ថិតិ និងការងារប្រជាជន និងអភិវឌ្ឍន៍ និងការងារចាំបាច់ផ្សេងៗទៀត ដើម្បីការអភិវឌ្ឍ មិនត្រឹមតែសម្រាប់ខ្លួនឯង តែសម្រាប់ស្ថាប័ន និងប្រទេសជាតិផងដែរ៕