(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច(ន.ប.ធ.) នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកា ​បរធនបាលកិច្ច ឆ្នាំ២០២៤ ​ក្រោមប្រធានបទ «បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត» ដើម្បីផ្សព្វផ្សាយបន្ថែម ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍អនុវត្ត និងឧត្តមានុវត្តន៍អន្តរជាតិ ពាក់ព័ន្ធវិស័យបរធនបាលកិច្ច ជាពិសេសដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង និងជំរុញការបង្កើតឱ្យមានប្រព័ន្ធសហថាមភាព រវាងប្រតិបត្តិករគន្លឹះក្នុងទីផ្សារបរធនបាលកិច្ច នៅកម្ពុជា។

វេទិកា​បរធនបាលកិច្ច ឆ្នាំ ២០២៤ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាតំណាងរបស់​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

​វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៤ នេះ ​រៀបចំឡើង គឺផ្តោតជាសំខាន់ទៅលើបទបង្ហាញ និងកិច្ចពិភាក្សាអំពីកាលានុវត្តភាព និងគុណប្រយោជន៍នៃការប្រើប្រាស់ យន្តការបរធនបាលកិច្ច, បរធនបាលកិច្ចគ្រួសារ សម្រាប់ការរៀបចំផែនការតជំនាន់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាតំណាង ប្រតិបត្តិករបរធនបាល ដែលមានជំនាញ និងបទពិសោធច្រើនឆ្នាំ និងមានភ្ញៀវជាតិមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងភ្ញៀវអន្តរជាតិ អញ្ជើញមកពីបរទេសផងដែរ។

​ក្នុងឱកាសដ៏មានសារសំខាន់នេះ ក៏មានការចាក់បង្ហាញនូវ «វីដេអូសមិទ្ធផលសម្រេច បានក្នុងវិស័យបរធនបាលកិច្ច​, ​ពិធីប្រគល់ពានរង្វាន់ឆ្នើមដល់ក្រុមហ៊ុន, ធនាគារ និងបុគ្គលដែលជាប្រតិបត្តិករ ផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច, ដៃគូសហប្រតិបត្តិការសកម្ម, អង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៣, និងការប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភី ក្នុងកម្មវិធីប្រកួតសរសេរ អត្ថបទក្នុងវិស័យបរធនបាលកិច្ច​ និងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ច»

ប្រព័ន្ធចុះបញ្ជីនេះ មានមុខងារសម្រាប់ជួយសម្រួល និងបង្កើតផលិតភាពការងារពាក់ព័ន្ធ នឹងការចុះបញ្ជី រួមមាន៖ ការបង្កើត ការចុះបញ្ជី ការពន្យារពេល ការស្នើសុំធ្វើបច្ចុប្បន្នភាព និងការបញ្ចប់បរធនបាលកិច្ច ជាដើម។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច មានប្រសាសន៍ថា ​ការបង្កើត និងដាក់ឱ្យដំណើរការវិស័យបរធនបាលកិច្ចនៅកម្ពុជា ក៏ដូចជានិយ័តករ បរធនបាលកិច្ច ត្រូវបានឆ្លងកាត់នូវការរៀបចំ និងការគិតគូរយ៉ាងល្អិតល្អន់ ប្រកបដោយវិចារណកម្មច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងផ្អែកលើផែនទីបង្ហាញផ្លូវនៃ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០» ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា «យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០១៦-២០២៥» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

លោកបន្តថា គិតចាប់តាំងពីការបង្កើត និយ័តករបរធនបាលកិច្ច នៅអំឡុងឆមាសទី២ ឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ន នៅក្នុងការបង្កើតអត្ថិភាពទីផ្សារ បរធនបាលកិច្ចជាមួយនឹងប្រតិបត្តិការពេញលេញនៅកម្ពុជា នៅដើមឆ្នាំ២០២៣ គឺមិនមែន ជារឿងងាយស្រួលប៉ុន្មាននោះទេ ពោល គឺថ្នាក់ដឹកនាំបច្ចេកទេស និងមន្រ្តីនៃ ន.ប.ធ. ទាំងអស់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវអភិក្រមការងាររបស់ ​អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ដែលមានដូចជា៖ «ធ្វើការបណ្តើរ រៀនបណ្តើរ»,«ឆ្លងស្ទឹងស្ទាបថ្ម» និងអភិក្រម “Adopt, Adapt, Innovate Further” (ការចាប់យក, ការសម្រប និងនវានុវត្តន៍បន្ថែម)។

លោក រស់ សីលវ៉ា មានប្រសាសន៍ថា វិស័យបរធនបាលកិច្ចមានវិសាលភាពទូលំទូលាយ ដែលមិនត្រឹមតែគ្រប់ដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់ដណ្តប់លើវិស័យធានារ៉ាប់រង និងសោធន វិស័យអចលនវត្ថុ វិស័យមូលបត្រ និងវិស័យផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមផងដែរ។

ដើម្បីឱ្យវិស័យនេះចូលរួម ចំណែកដល់ការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យ​ទទួលបាននូវការអភិវឌ្ឍន៍កាន់តែឆាប់រហ័ស ស្របតាមនិន្នាការនៃការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុក្នុងតំបន់ និងសកលលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំតាក់តែងសារជាថ្មី នូវសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានវិស័យភាពគ្រប់ដណ្តប់លើបរធនបាលកិច្ចទូទៅ ទៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គម៕