(ស្វាយរៀង)៖ អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង ត្រូវបក្ខពួកចូលទៅរំដោះទាំងកណ្តាលថ្ងៃ រួចហើយជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍ដ៏គឃ្លើននេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖២៥នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀង ស្ថិតភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលក្រុងស្វាយរៀង និងមន្រ្តីពន្ធនាគារខេត្ត បានចុះស្រាវជ្រាវ រកបក្ខពួកអ្នកទោស រហូតដល់វេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ទើបបានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅផ្ទះសំណាក់ចំនួន២គឺផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ និងផ្ទះសំណាក់ សុខហេង ហើយសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធតែម្តង។

នៅវេលាម៉ោង ៦៖៣០នាទីយប់ថ្ងៃទី២៨ ខែតុលា សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង, ជាលទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៣នាក់ (ស្រី២នាក់) យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ដោយអ្នកទោសដែលជាប់ឃុំនោះរកមិនទាន់ឃើញនោះទេ។

ចំណែកជនជាតិវៀតណាមចំនួន២នាក់ទៀត (ស្រីម្នាក់) បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បាន១អាទិត្យមកហើយ ដែលស្រ្តីរូបនេះទំនងជាប្រពន្ធរបស់អ្នកជាប់ឃុំ។ ជនជាតិវៀតណាមដែលជាប់ឃុំនោះ ពាក់ព័ន្ធបទល្មើសរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រឹត្តិនៅក្រុងបាវិត។

ចំណែកជនជាតិវៀតណាមចំនួន២នាក់ទៀត (ស្រីម្នាក់) បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បាន១អាទិត្យមកហើយ ដែលស្រ្តីរូបនេះទំនងជាប្រពន្ធរបស់អ្នកជាប់ឃុំ។ ជនជាតិវៀតណាមដែលជាប់ឃុំនោះ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រឹត្តិនៅក្រុងបាវិត។

ទាក់ទិនករណីនេះ មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា មុនដំបូងមានជនជាតិវៀតណាមម្នាក់ភេទប្រុស បានមកសុំមន្ត្រីនគរបាលយាមពន្ធនាគារ សុំជួបសួរសុខទុក្ខអ្នក​ទោសដែលជា​ប់ឃុំ ពេលនោះមន្ត្រីយាមពន្ធនាគារបាននាំជនអ្នកទោស ពីក្នុងពន្ធនាគារនៅទ្វារខាងមុខ។

ខណៈដែលអ្នកជា​ប់ឃុំដើរដល់មាត់ទ្វារខាងមុខ ស្រាប់តែបក្ខពួកដែលមកសួរសុខទុក្ខ បានដកអាវុធខ្លីភ្ជង់មន្ត្រីពន្ធនាគារ ហើយពេលនោះជនដែលជាប់ទោស បានកញ្ឆក់យកអាវុធខ្លីពីបក្ខពួករបស់ខ្លួន រួចកេះកៃកាំភ្លើងបាញ់ទៅលើ មន្ត្រីពន្ធនាគារសំណាងល្អ អត់ផ្ទុះ បើផ្ទុះមិនដឹងថាវាសនាយ៉ាងណានោះទេ។

ភ្លាមៗជនទាំងពីរនាក់ បានឡើងជិះម៉ូតូចេញទៅ ហើយត្រូវបានមន្ត្រីអនុរក្សពន្ធនាគារម្នាក់ថ្នាក់វរសេនីយ៍ រត់ដេញតាមម៉ូតូពួកគេ ហើយក៏មានមន្ត្រីនគរបាលម្នាក់ស្រែកថា វាមានកាំភ្លើង ប្រយ័ត្ន ខណៈនោះមន្ត្រីនគរបាលរូបនោះ ភ័យក៏ឱនក្រាបទៅលើដី ជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។ បើតាមសមត្ថកិច្ច បានមើលរូបតាមកាម៉ារាសុវត្ថិភាព ឃើញជនសង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។ 

ម្ចាស់ផ្ទះសំណាក់សុខហេង បានឲ្យដឹងថា មានជនជាតិវៀតណាម៥នាក់ (ស្រី៣នាក់) បានមកជួលបន្ទប់ស្នាក់នៅចំនួន៣បន្ទប់ រយៈពេលកន្លះខែមកហើយ គឺតាំងបុណ្យឆ្លងបុណ្យភ្ជំបិណ្ឌរួច ហើយឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨-៩នាក់ យកទៅឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ។ ចំពោះជនជាតិវៀតណាមស្រីប្រុស២នាក់ មកស្នាក់នៅបាន១អាទិត្យ ក៏បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភស្នាក់នៅ  ដោយនិយាយថា ផ្ទះសំណាក់សុខហេងថ្លៃ។

ចំណែកម្ចាស់ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បានប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែតុលាថា នេះជាការសោកស្តាយ មានភ្ញៀងបរទេស (ជនជាតិវៀតណាមមកស្នាក់រយៈពេល៧ថ្ងៃ) ហើយប្អូនគាត់មិនបានថត ប៉ាស្ព័រភ្ញៀវជនជាតិវៀតណាមទាំងពីរនាក់ទុក ដោយកន្លងមកផ្ទះសំណាក់របស់គាត់ ពុំមានភ្ញៀវចូលស្នាក់នៅច្រើនទេ គឺមានតែភ្ញៀវប្រចាំមកដាក់ទំនិញ រាល់ថ្ងៃមកសម្រាក និងមានកូនសិស្សមកគេងទើបច្រឡោះប្រហោង មិនបានថតប៉ាសស្ព័រទុក នេះជាមេរៀនសម្រាប់លើកក្រោយៗទៀត។

ទាក់ទិនករណីនេះដែរ ប្រធានពន្ធនាគារខេត្តស្វាយរៀងអង្គភាព Fresh News មិនអាចរកការបំភ្លឺបានទេ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤៕