(ភ្នំពេញ)៖ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន ១,០៣០ ករណី មានទំហំបរធនប្រមាណ ១,៦៥២ លានដុល្លារសហរដ្ឋអាមេរិក ដែលបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។
ថ្លែងនៅក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ «បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត» នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) បានគូសបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល ៣ឆ្នាំជាងនេះ បន្ទាប់ពីបង្កើតនិយ័តករបរធនបាលកិច្ច សម្រេចបាននូវសមិទ្ធផលជាច្រើនឡើងជាបន្តបន្ទាប់។
លោកបានឱ្យដឹងថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ ចំនួន ១,០៣០ ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា ១,៦៥២ លានដុល្លារ សហរដ្ឋអាមេរិក។
គិតមកទល់ពេលនេះ និយ័តកមូលធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនបរធនបាលចំនួន ១៣ ខណៈធនាគារចំនួន ២១ បានទទួលអាជ្ញាបណ្ណនិងការអនុញ្ញាតពី ន.ប.ធ. ជាប្រតិបត្តិករ បរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services),
ជាមួយគ្នានេះ បរធនបាលរូបវន្តបុគ្គលចំនួន ៦៨ រូប បានទទួលអាជ្ញាបណ្ណពី ន.ប.ធ. ដោយ ៣៥ រូប ជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង ៣៣ រូប បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល។
លើសពីនេះទៅទៀត ក្រុមហ៊ុនវាយតម្លៃចំនួន ១៦ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន១៥ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។
បរធនបាលកិច្ច គឺសំដៅដល់កិច្ចការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្ដល់ដោយបរធនបាលទាយក (បុគ្គលដែលផ្ដល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច) សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ (បុគ្គលដែលទទួលផលប្រយោជន៍ ពីបរធនបាលកិច្ច) ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានប្រសាសន៍ថា ការលើកស្ទួយ និងការអភិវឌ្ឍវិស័យបរធនបាលកិច្ច គឺជាអទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។
លោកបន្តថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តដើម្បីឱ្យវិស័យនេះបន្តពង្រឹងតួនាទី និងមានការអភិវឌ្ឍន៍ដែលមានលក្ខណៈទំនើប និងមានភាពធន់កាន់តែខ្ពស់នៅក្នុងការបន្តបង្កើតនូវគុណប្រយោជន៍សម្រាប់ប្រទេសជាតិ និងសង្គម ដូចជាទី១. បង្កើនការវិនិយោគក្នុងស្រុកដែលជាប្រភពនៃការបន្ថែមចំនួនពន្ធជាតិ ទី២.ជំរុញការធ្វើពិពិធកម្មដល់វិស័យហិរញ្ញវត្ថុឆ្លើយតប នឹងតម្រូវការទីផ្សារដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា និងទី៣.ចូលរួមក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការទប់ស្កាត់ និងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវកម្ម និងការរីកសាយភាយហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕