(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអបអរសាទរ សល់សិស្សានុសិស្ស ដែលបានប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុយិភូមិ ឆ្នាំ២០២៤នេះ និងបានលើកទឹកចិត្តផងដែរ សម្រាប់សិស្ស ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ​ក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះសម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់​ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញសម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង»

សូមបញ្ជាក់ដែរថា យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ ៕