(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២។ កម្មវិធីនេះត្រូវប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នេះ មានការចូលរួមពី រាជធានី-ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កីឡាករ កីឡាការិនី មន្ត្រីដឹកនាំ និងគ្រូបង្វឹកអ្នកចូលរួមសរុប៤,៥២២នាក់។
ចំពោះ ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៤ មានចំនួន ៣៦ រួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និងវ៉ូវីណាម ព្រមទាំងមាន វិញ្ញាសាសរុប ៣២៨។
បន្ថែមពីនេះ ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការលើកទី២ មានចំនួន១៣ រួមមាន៖ អត្តពលកម្មជនពិការហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិច ជនពិការ និងមានវិញ្ញាសាសរុបចំនួន៥៥។
គណៈកម្មការរៀបចំការប្រកួត នឹងប្រើប្រាស់ទីតាំងទីលាន ចំនួន០៥៖
*១៖ រាជធានីភ្នំពេញ មាន១៧ទីលាន ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាល័យបឹងត្របែក ហ្គ្រេនភ្នំពេញThe Peak Mall អគារខេមរានី មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន វិទ្យាល័យច្បារអំពៅ វិទ្យាល័យបឹងកេងកង ក្លឹបប៊ីយ៉ាផ្សារដេប៉ូ និងមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។
*២៖ ខេត្តកែប នៅទីរួមខេត្ត និងឆ្នេរដង្កោល
*៣៖ ខេត្តព្រះសីហនុ នៅឆ្នេររាម និងឆ្នេរអូរឈើទាល
*៤៖ ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និងភ្នំត្រោក
*៥៖ ខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការប្រកួតកីឡាជាតិ ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ មកដល់ពេលនេះមានចំនួន៤លើក ក្នុងគោលដៅលើកកម្ពស់គុណផលកីឡា ការបង្កើនសមត្ថភាពមន្ត្រីកីឡាឱ្យបានគ្រប់គ្រាន់ និងប្រកបដោយចំណេះដឹង និងបទពិសោធន៍សម្រាប់ការរៀបចំ និងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិនានា។
ព្រឹត្តិការណ៍កីឡាជាតិ គឺជាកំណែទម្រង់នៃការប្រកួត និងជាការសាកល្បង ដើម្បីវាស់ស្ទង់គុណផល កីឡាជាតិ និងហ្វឹកហ្វឺនមន្ត្រីជំនាញកីឡាឱ្យមានចំណេះដឹង និងបទពិសោធគ្រប់គ្រាន់ ទាំងការរៀបចំពិធី បើក-បិទ និងបដិសណ្ឋារកិច្ចឱ្យបានល្អ រួមទាំងការដណ្តើមមេដាយ ដោយផ្តោតលើការរៀបចំបច្ចេកទេសប្រកួតឱ្យមានតម្លាភាព ភាពស្អាតស្អំ និងយុត្តិធម៌។
លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្កើតឱ្យមានយុទ្ធនាការអប់រំសំខាន់ៗ ចំនួន៥៖ ១៖កីឡារស់ក្នុងសន្តិភាព, ២៖ប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត, ៣៖កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី, ៤៖កីឡាបៃតង កីឡាស្អាតស្អំ និង៥៖កីឡាគ្មានសារធាតុដូប៉ា (ដូពីង)។
ដើម្បីលើកកម្ពស់វិស័យកីឡា និងកិត្យានុភាពកម្ពុជាលើឆាកជាតិ និងអន្តរជាតិឱ្យបានខ្ពស់ឡើងជាលំដាប់ វិស័យកីឡានឹងត្រូវធ្វើកំណែទម្រង់បន្តទៀត ដោយពង្រឹងយន្តការដែលមានស្រាប់និងផ្តោតលើ៖
*ការពង្រឹងសហព័ន្ធកីឡា ការបណ្តុះបណ្តាលកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងពង្រឹងការគ្រប់គ្រងសហព័ន្ធ
*ការរៀបចំទីលានកីឡាតាមស្តង់ដាក្នុងគ្រឹះស្ថានសិក្សា ដោយចាប់ផ្តើមពី១វិទ្យាល័យ ក្នុង១រាជធានី-ខេត្ត
*ការពង្រឹង និងពង្រីកសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងការងារកីឡាក្រៅម៉ោងសិក្សា
*ការរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡាឱ្យដល់កម្រិតបរិញ្ញាបត្រ
*ការជំរុញមហាជនឱ្យ ហាត់ប្រាណជាប្រចាំ និងផ្សារភ្ជាប់សកម្មភាពអប់រំកាយនិងកីឡាទៅនឹងកិច្ចការសង្គម វប្បធម៌ និងលុបបំបាត់បាតុភាពរំលោភបំពាន និងអំពើហិង្សាគ្រប់ប្រភេទ និងចាកផុតពីការប្រើប្រាស់គ្រឿងញៀន
*ការអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក អនុរក្ស និងកីឡាករ កីឡាការិនីជម្រើសជាតិថ្នាល
*ការរៀបចំព្រឹត្តិការណ៍ កីឡាជាតិរៀងរាល់ ២ឆ្នាំម្តង សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦។
ជាពិសេស ក្រសួងនឹងបន្តពង្រឹងការបណ្តុះបណ្តាលធនធានកីឡាស្រប តាមទស្សនទាន «ថាមវ័ន្តកីឡា Dynamic Sport»៕