(ភ្នំពេញ)៖ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែបង្ហាញថា ពួកគេរស់នៅនិងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ជាមួយតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងវិស័យឯកជនកម្ពុជា-កូរ៉េ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍មួយនៅប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា និងគោលដៅទេសចរណ៍កម្ពុជា ខណៈក្រសួង ស្ថាប័នជាតិរបស់កម្ពុជាក៏បានចេញសេចក្ដីបំភ្លឺ សេចក្ដីបដិសេធរួចមកហើយដែរ។

លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ។

រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែបង្ហាញថាពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕