(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងអំពីការអន្តរាគមន៍ពិសេសមួយរបស់រាជរដ្ឋាភិបាលនាពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កន្លងទៅ តាមរយៈការផ្តល់ឧបត្ថម្ភជាសាច់ប្រាក់ដោយផ្ទាល់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ ប្រមាណជាង ៧០ម៉ឺនគ្រួសារ ឬស្មើនឹងពលរដ្ឋសរុបចំនួន ២,៧៧១,៨០៩នាក់ នៅទូទាំងប្រទេស។
លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅក្នុងអំឡុងប្រយុទ្ធ និងជំងឺកូវីដ១៩ បានធ្វើឡើងតាមការបើកផ្តល់សាច់ប្រាក់ជូនពលរដ្ឋគោលដៅដោយផ្ទាល់ប្រចាំខែតែម្តង តាមរយៈបញ្ជរវីងនៅទូទាំងប្រទេស ដែលបានចាប់ផ្តើមអនុវត្តអំឡុង ខែមិថុនា ឆ្នាំ២០២០ ដល់ ខែមេសា ឆ្នាំ២០២៤ (៤៦ខែ) ជាមួយនិងការចំណាយថវិកាសរុបរបស់រាជរដ្ឋាភិបាលចំនួន ១៣៥៩.៧៣លានដុល្លារអាមេរិក។
លោកបណ្ឌិត ចន ណារិទ្ធ បានបន្តថា៖ «សរុបជាមធ្យមពលរដ្ឋគោលដៅក្នុងមួយគ្រួសារ បានទទួលថវិកាពីរាជរដ្ឋាភិបាលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធ នឹងជំងឺកូវីដ១៩ ប្រមាណ ១,៩៤៩ដុល្លារអាម៉េរិក ក្នុងរយៈពេល ជិត៤ឆ្នាំ ឬ ៤៦ខែ ដែលថវិកាទាំងនេះបានជួយរក្សាលំនឹងជីវភាពពលរដ្ឋ តាមរយៈការយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់, ដោយគ្រួសារខ្លះយកថវិកាដែលទទួលបានពីរាជរដ្ឋាភិបាលបើកប្រចាំខែជូននេះ ទៅប្រាក់សន្សំខ្លះ, សងបំណុលបានខ្លះ, ក៏ដូចជាកាត់បន្ថយការបង្ខំចិត្តលក់ទ្រព្យសម្បត្តិដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ»។
បន្ថែមលើនេះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានធ្វើឱ្យអត្រានិកម្មភាព ឬអត្រាគ្មានការងារធ្វើ ធ្លាក់ចុះ ក្នុងអំឡុងឆ្នាំ២០២០-២០២១ និងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្របានប្រមាណ ២.៧ % ទៀតផង៕