(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួន បន្ទាប់ពីរងបណ្ដឹងពីស្ដ្រីម្នាក់ពាក់ព័ន្ធករណីចាប់ឆ្កែចិញ្ចឹមមួយក្បាល។ សំណុំរឿងមួយនេះ ទាំងស្ថាប័ននគរបាល និងតុលាការ ក៏ត្រូវបានមហាជនយកធ្វើជាប្រធានបទជជែកគ្នាពេញបណ្ដាញសង្គមផងដែររ។

ដើមចមនៃបណ្ដឹង រហូតឈានដល់ការចាប់ និងឃុំខ្លួនបុរសខាងលើនេះ ត្រូវបានគេបញ្ជាក់ថា បុរសខាងលើ និងដើមបណ្ដឹងជាមនុស្សស្គាល់គ្នា ពោលចុងចម្លើយជាកូនចៅធ្វើការឲ្យដើមបណ្ដឹង ដែលគេស្គាល់ថាមានប្ដីជាជនជាតិចិន។

រឿងរ៉ាវដែលត្រូវគេចែកចាយនេះ បានឲ្យដឹងថា ស្ដ្រីដើមបណ្ដឹងមិនបានបើកលុយថ្លៃធ្វើការជាអ្នកបើកបររថយន្ដ ចំនួន៦០ម៉ឺនរៀល ឲ្យបុរសចុងចម្លើយនោះទេ ដោយសន្យាថ្ងៃនេះថ្ងៃនោះជាបន្ដបន្ទាប់។ ដោយសារចិត្តខឹង បុរសជាចុងចម្លើយបានចាប់កូនឆ្កែចិញ្ចឹមមួយក្បាលរបស់ស្ដ្រីដើមបណ្ដឹង រួចយកទៅស្រុកនៅខេត្តក្រចេះ។

ពេលនោះភាគីទាំងពីរបានឈ្លោះទាស់ទែងគ្នា ហើយស្ដ្រីដើមបណ្ដឹង បានដាក់ពាក្យប្ដឹងទៅនគរបាលខណ្ឌសែនសុខ ហើយឈានដល់ការចាប់ខ្លួនបុរសខាងលើឈ្មោះ ណន សុខហេង។ កាលដែលចាប់ខ្លួននោះ ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅខេត្តក្រចេះ រួចបញ្ជូនមករាជធានីភ្នំពេញ។

រំលងបានប៉ុន្មានថ្ងៃ ក្រោយទទួលព័ត៌មានថា បុរសខាងលើត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួននោះ រឿងរ៉ាវនេះបានផ្ទុះការវែកញែកគ្នានៅតាមបណ្ដាញសង្គមតែម្ដង។ រហូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ចៅក្រមស៉ើបសួរ ទិត ដាលីន បានចេញដីកាបង្គាប់ឲ្យដោះលែងបុរសខាងលើវិញ៕