(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសហការគ្នារៀបចំ កម្មវិធី «សប្តាហ៍ថាមពលស្អាត (CEW) ឆ្នាំ២០២៤» រយៈពេលមួយសប្តាហ៍ ដោយផ្តោតលើបញ្ហាសំខាន់ៗ ក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការជំរុញឲ្យមានភាពប្រសើរឡើង នូវលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ ការជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចគោល ដៅអាកាសធាតុថ្នាក់ជាតិជាដើម។

«សប្តាហ៍ថាមពលស្អាត (CEW) ឆ្នាំ២០២៤» បានរៀបចំឡើងក្រោមប្រធានបទ «វឌ្ឍភាព និងអនាគតនៃថាមពលស្អាតរបស់កម្ពុជា» ដែលនឹងធ្វើការពិភាក្សា និងការតាំងពិព័រណ៍ បង្ហាញពីភាពជាអ្នកដឹកនាំ ដែលកំពុងបន្ដកើនឡើងរបស់កម្ពុជា នៅក្នុងនវានុវត្តន៍ក្នុងវិស័យថាមពលស្អាត កំណើនសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ។

កម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំនេះ បាននឹងប្រព្រឹត្តិឡើងចំពេលដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយសារថាមពលស្អាតបានក្លាយជាអាទិភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។

តាមរយៈគោលនយោបាយ ដែលមានចក្ខុវិស័យវែងឆ្ងាយ និងការវិនិយោគជាយុទ្ធសាស្ត្រ កម្ពុជាកំពុងកសាងគ្រឹះសម្រាប់អនាគត ដែលមានចីរភាព និងវិបុលភាព។

ថ្លែងអំពីសារៈសំខាន់នៃវឌ្ឍនភាពនេះ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានកត់សម្គាល់ថា «អូស្ត្រាលីមានមោទនភាព ក្នុងនាមជាដៃគូស្ថាបនិកនៃកម្មវិធីសប្តាហ៍ថាមពលស្អាត ដោយបានគាំទ្រព្រឹត្តិការណ៍នេះ តាំងពីការចាប់ផ្តើមដំបូង ក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាប្រឈមក្នុងការទាញយកថាមពលស្អាត នាពេលអនាគតនៅអាស៊ីអាគ្នេយ៍មានទំហំធំណាស់។ ប៉ុន្តែសព្វថ្ងៃនេះ ថាមពលស្អាតមិនគ្រាន់ តែជាប្រធានបទនៃការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភសំខាន់នៃចក្ខុវិស័យរបស់កម្ពុជា សម្រាប់កំណើនសេដ្ឋកិច្ច សន្តិសុខថាមពល និងការថែរក្សា បរិស្ថាន»

ថាមពលស្អាតកំពុងត្រូវបានសាងសង់នៅទូទាំងពិភពលោក ក្នុងសន្ទុះដែលមិនធ្លាប់មានពីមុនមក។ នៅឆ្នាំ២០២៣ពិភពលោកសម្រេចបានល្បឿនលឿនបំផុត ក្នុងការដាក់ពង្រាយថាមពលកកើតឡើងវិញ ដោយបានបង្កើនសមត្ថភាពថាមពលកកើតឡើងវិញទ្វេដង ខណៈការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក ក៏បានកើនឡើង៣៥% ដល់ប្រមាណ១៤លានគ្រឿងផងដែរ។ កត្តានេះ គឺដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃថ្លៃដើម នៃថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ អាគុយ និងយានយន្តអគ្គិសនី ក្នុងអំឡុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

កម្ពុជាបានត្រៀមលក្ខណៈល្អប្រសើរណាស់ ក្នុងការទាញយកផលប្រយោជន៍ពីសន្ទុះនេះ ដោយមានសក្តានុពលថាមពល ពន្លឺព្រះអាទិត្យយ៉ាងតិច ៦៥ជីហ្គាវ៉ាត់ និងសក្តានុពលថាមពលខ្យល់ ៥ជីហ្គាវ៉ាត់។
តាមរយៈគោលនយោបាយនានា ដូចជាការបង្កើនទ្វេដងនូវមហិច្ឆិតា ថាមពលពន្លឺព្រះអាទិត្យរបស់ជាតិ ការលុបចោលគម្រោងថាមពលធ្យូងថ្ម នៅខេត្តកោះកុង និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវយានយន្តអគ្គិសនីរបស់កម្ពុជា ប្រទេសយើងអាចដើរតួជាអ្នកដឹកនាំផ្នែកថាមពលស្អាតក្នុងតំបន់បាន។

លោកណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប បានមានប្រសាសន៍ថា៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងយានយន្តអគ្គិសនី បង្ហាញពីការប្តេជ្ញាចិត្តដ៏ច្បាស់លាស់ក្នុងការកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើឥន្ធនៈហ្វូស៊ីល និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។»
លោកបានបន្ដទៀតថា«បញ្ហាប្រឈមបន្ទាប់គឺត្រូវធានាថាយើងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលកកើតឡើងវិញសម្រាប់កម្ពុជា ដោយធ្វើឱ្យប្រាកដថាយើងអាចបង្កើតការងាររាប់ពាន់កន្លែង គាំទ្រអាជីវកម្មក្នុងស្រុក និងធានាថាសំឡេងរបស់ សហគមន៍ត្រូវបានស្តាប់ឮនៅពេលដែលគម្រោងត្រូវបានអភិវឌ្ឍ។»

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤នឹងជំរុញវឌ្ឍនភាពនេះដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាដំណោះស្រាយគោលនយោបាយ និងបង្កើតភាពជាដៃគូ។
ចំណុចសំខាន់នៃកម្មវិធីនេះ គឺវេទិកាថាមពលស្អាត (ប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ) ដែលនឹងប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម ស្ថាប័នហិរញ្ញវត្ថុនិងដៃគូអន្តរជាតិសម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រដែលនឹងកំណត់អនាគតថាមពលស្អាតរបស់កម្ពុជា។

លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានលើកឡើងថា «ការទទួលយកថាមពលស្អាតមិនមែនគ្រាន់តែ ជាគោលជំហរមនោគមវិជ្ជាប៉ុណ្ណោះទេ» វាគឺជាកត្តាជំរុញសម្រាប់សន្តិសុខថាមពល ភាគលាភពាណិជ្ជកម្ម និងការបង្កើតការងារបៃតង ការទទួលបានហិរញ្ញប្បទានបៃតង និងការកាត់បន្ថយការបំពុល។ ដៃគូអភិវឌ្ឍន៍ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញហិច្ឆិតាថាមពលស្អាតរបស់កម្ពុជា ហើយនឹងការធ្វើឱ្យគោលដៅទាំងនោះក្លាយជាការពិត។

ស្របទៅតាមគោលបំណងមួយនេះហើយ ដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា នឹងនៅបន្តគាំទ្រ កម្មវិធីសប្តាហ៍ថាមពលស្អាត ដូចដែលបានធ្វើចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ ២០១៨ ក្នុងនាមជាដៃគូស្ថាបនិក។ ការប្រារព្ធឡើងនៃកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ នឹងបន្តដាក់កម្ពុជា ជាអ្នកដឹកនាំផ្នែកថាមពលស្អាត នៅថ្នាក់តំបន់។

ជាមួយការគាំទ្រគ្រប់ជ្រុងជ្រោយពីដៃគូអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី ដែលបានផ្តល់ទាំងជំនាញបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ កម្ពុជាស្ថិតនៅក្នុងស្ថានភាពសមស្របក្នុងការកែប្រែទ្រង់ទ្រាយថាមពល របស់ខ្លួនក្នុងលក្ខណៈដែលផ្ដល់ផលប្រយោជន៍មិនមែនតែសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទាំងតំបន់ផងដែរ។

លោក ឆែ លីឌីន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាមានមហិច្ឆតាសម្រេចបានអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវមហិច្ឆតានេះ កម្ពុជាមិនអាចធ្វើម្នាក់ឯងបាននោះទេ គឺត្រូវការដៃអភិវឌ្ឍន៍ ដែលមានឆន្ទៈ ដើម្បីធ្វើការជាមួយគ្នា។
លោកបន្ថែមថា កម្មវិធីសប្តាហ៍ថាមពលស្អាត នឹងបង្ហាញពីសកម្មភាពសំខាន់ៗ ដើម្បីជំរុញការបំភាយកាបូនសូន្យ។ កម្ពុជាទន្ទឹងចាំដើម្បីប្រែក្លាយមហិច្ឆតា ក្លាយទៅជាផ្នែកមួយដ៏សំខាន់មួយសម្រាប់អ្នកជំនាន់ក្រោយ៕