(កំពង់ស្ពឺ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអញ្ជើញចុះធ្វើវេទិកាសាធារណៈ នៅវត្តរលាំងឈូក (ហៅវត្ត ក្រួស) ក្នុងឃុំកាហែង ស្រុកសំរោងទង ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង ១៥ឃុំ ក្នុងស្រុកសំរោងទង ប្រធានមន្ទីរជុំវិញខេត្តកំពង់ស្ពឺ ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងប្រធាន អនុប្រធានការិយាល័យស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ កងកម្លាំង ទាំង៣របស់ស្រុក និងប្រជាពលរដ្ឋក្នុងឃុំកាហែង សរុបចំនួន ២៧០នាក់។

វេទិកាសាធារណៈនេះរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីចង់ដឹងពីសុខទុក្ខ បញ្ហាប្រឈម និងសំណូមពរនានា អំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដើម្បីក្រុមការងារដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

ក្នុងអង្គវេទិកាសាធារណៈខាងលើនេះ មានប្រជាពលរដ្ឋ បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ លោក រិន វីរៈ ក៏បានណែនាំក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវយក ចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និង ដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាម សហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឲ្យបានញឹកញាប់ និងនៅគ្រប់មូលដ្ឋាន ដោយត្រូវបន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវបន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើមសំដៅបង្កើន ភាពជឿជាក់ និងមានទំនុកចិត្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ ក៏ដូចជាមានការជឿជាក់មក លើរាជរដ្ឋាភិបាលរបស់យើងផងដែរ៕