(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ms. Yien Chyn Tan, នាយកផ្នែកទំនាក់ទំនងភាគីពាក់ព័ន្ធ (Director of Stakeholder Engagement), អាស៊ីប៉ាស៊ីហ្វិក នៃសាជីវកម្មផ្តល់-ផ្ទេរឈ្មោះ និងអាសយដ្ឋានអ៊ីនធឺណិត (Internet Corporation for Assigned Names and Numbers - ICANN) និងសហការី។

ជំនួបនេះ បានរៀបចំធ្វើឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការបណ្ដុះបណ្តាលធនធានមនុស្ស ពាក់ព័ន្ធនឹងឈ្មោះដែនក្នុងប្រព័ន្ធអ៊ីនធឺណិត។

ជាមួយគ្នានេះ លោក ជា វ៉ាន់ដេត បានជម្រាបជូន លោកស្រីនាយក អំពីការចូលរួមរបស់តំណាងក្រសួងក្នុងការងារ ICANN ស្ថានភាពនៃការគ្រប់គ្រងឈ្មោះដែន កិច្ចការអភិបាលកិច្ចអ៊ីនធឺណិត និងវឌ្ឍនភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងរាជរដ្ឋាភិបាល ព្រមទាំងសមិទ្ធផលលថ្មីៗ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រេចបាន ក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ហើយក្រសួងក៏ត្រៀមខ្លួនដើម្បីទទួលយកការជួយគាំទ្រផ្នែកបច្ចេកទេសនិងការបណ្តុះបណ្តាលធនធានមនុស្ស ពីសាជីវកម្មផ្តល់-ផ្ទេរឈ្មោះនិងអាសយដ្ឋានអ៊ីនធឺណិតផងដែរ៕