(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់សិក្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកមានសមត្ថភាពពិតប្រាកដ។ លោក នួន ផារ័ត្ន បានថ្លែងនៅក្នុងពេលបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ធំថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
លោកបានអបអរសាទរចំពោះប្អូនៗដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពអស់រយៈពេល១២ឆ្នាំ ដែលបានទទួលនូវលទ្ធផលរបស់ខ្លួន។
លោកបានលើកទឹកចិត្តទៅដល់ប្អូនៗដែលប្រឡងមិនបានលទ្ធផលល្អ ឬក៏មិនទទួលបានលទ្ធផលត្រូវខិតខំបន្ថែមទៀត ដោយមិនត្រូវធ្វេសប្រហែសឬក៏បោះបង់ការសិក្សា ដោយគ្រាន់តែឃើញពីលទ្ធផលរបស់ខ្លួនមិនទទួលបានជោគជ័យនោះទេ។ ប្អូនៗត្រូវសិក្សាបន្ថែមទៀត ដើម្បីចាប់យកទៅមហាវិទ្យាល័យឬក៏ចាប់យកនូវជំនាញណាមួយពិតប្រាកដច្បាស់លាស់ ដើម្បីឲ្យខ្លួនមានសមត្ថភាពមានចំណេះដឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក៏ដូចជាកសាងខ្លួនឯងនិងគ្រួសារ។
លោកបានថ្លែងអំណរគុណទៅដល់មាតាបិតាសិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូដែលបានផ្ដល់នូវការហូបចុក ស្នាក់នៅ សម្លៀកបំពាក់ទាំងការសិក្សា ដើម្បីឲ្យកូនរបស់ខ្លួនទទួលបានលទ្ធផលល្អផងដែរ។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ក្នុងខេត្តកំពង់ធំ មាន១៣មណ្ឌល ស្មើនឹង២២៨បន្ទប់ ដែលមានបេក្ខជនសរុប៥៦៥៨នាក់ ស្រី ៣២៧៤នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ១២៥៤នាក់ ស្រី ៧៨២នាក់ មាន០២មណ្ឌល ៥១បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជន៤៤០៤នាក់ ស្រី ២៤៩២នាក់ មាន១១មណ្ឌល ១៨១បន្ទប់។
ជាលទ្ធផលនិទ្ទេស A ៥៦នាក់ ស្រី៣៤នាក់៖
និទ្ទេស B ៣៥០នាក់ស្រី ២២៦នាក់
និទ្ទេស C ១០៤៧នាក់ ស្រី៦៩២នាក់
និទ្ទេស D ១៧៨៧នាក់ ស្រី១១០៥នាក់
និទ្ទេស E ១៤៩២នាក់ ស្រី៧៩៧នាក់ គិតជាភាគរយ ៨៤.៦៧%។ បើប្រៀបធៀបឆ្នាំសិក្សា ២០២២-២០២៣ មានការកើនឡើង៤.២៤%៕