(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមានការអមដំណើរដោយឧត្តមសេនីយ៍ ជាអគ្គនាយករង និងឯកឧត្តម ឧត្តមសេនីយ៍ ជាប្រធាននាយកដ្ឋាន និងប្រធានជំនាញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានចុះពិនិត្យពីវឌ្ឍនៈភាពការងារ សាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ចំពោះការសាងសង់អគារខាងលើនេះ ឧត្តមសេនីយ៍ទោ សែម រតនា បានឱ្យដឹងថា ចំពោះអគារស្នាក់, អគារសម្រាប់បន្ទប់សិក្សា និងអគារសាលប្រជុំគឺសង់បានប្រមាណ៩៥%។ ចំពោះអគារទាំង៣ខាងលើនេះ គឺមានសម្ភារបំពាក់គ្រប់១០០% និងបានបំពាក់ចូលក្នុងបន្ទប់បានជាង៥០% ចំពោះសម្ភារគ្រឿងបំពាក់ នឹងបន្តបំពាក់ នៅថ្ងៃនេះ និងថ្ងៃស្អែកបន្ថែមទៀត ដើម្បីឱ្យបានបញ្ចប់នៅក្នុងសប្តាហ៍នេះ។
ក្រៅពីការសង់អគារខាងលើចំពោះហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវបេតុង បំពាក់អំពូលសឡា គឺស្ថាបនារួចរាល់១០០%។ ចំណែកការរៀបចំសួនផ្កានិងដាំស្មៅគឺធ្វើបាន ជិតរួចរាល់ហើយផងដែរ។
អគារកំពុងសាងសង់ដែលបានប្រសិទ្ធនាមថាតេជោសន្តិភាព គឺសម្រាប់ធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់សិក្ខាកាមថ្នាក់តំបន់ និងសកល។ ជាមួយគ្នាអគារតេជោសន្តិភាពនឹងសាងសង់ឱ្យរួចរាល់នៅមុនវគ្គហ្វឹកហ្វឺនជំនាញ វិស្វកម្មត្រីភាគី កម្ពុជា កូរ៉េខាងត្បូង អ.ស.ប នៅចុងឆ្នាំ២០២៤ និងវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មត្រីភាគី កម្ពុជា ជប៉ុន អសប នាដើមឆ្នាំ២០២៥ ខាងមុខនេះ។
ឧត្តមសេនីយ៍ទោ សែម រតនា បានបន្ថែមថា ចំពោះវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមបើកវគ្គនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរយៈពេល៥សប្តាហ៍ គឺមានសិក្ខកាម ជាង១៣០នាក់ ជាសិក្ខាកាមជាតិ និងអន្តរជាតិ ចំពោះយោធាចារ្យមាន កូរ៉េ ជប៉ុន អូស្ត្រាលី អង្គការសហប្រជាជាតិ និងពីប្រទេសមួយចំនួនទៀតសរុប២៨នាក់៕