(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី បានលើកឡើងអំពីទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងប្រពៃណីរវាងប្រទេស និងប្រជាជននៃកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

លោក លី ធុជ បានចាត់ទុកប្រទេសចិន គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់ដីប្រកបដោយសុវតិ្ថភាព ការធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈវិស័យសកម្មភាពមីន។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រដល់ដំណើរការភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា និងបានអញ្ជើញលោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋចិនប្រចាំនៅកម្ពុជា ចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-កម្ពុជា។ លោក Wang Wenbin បានបន្តអះអាងថា តាងនាមជាមិត្តដែកថែប និងជាបងប្អូន ប្រទេសចិន ប្រកាសបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារបោសសម្អាតមីន រហូតដល់កម្ពុជាប្រកាសអស់មីន៕