(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានថ្លែងថា «បញ្ហាគ្រឿងញៀនមិនមែនជារឿង ដោយឡែកណាមួយរបស់នរណាម្នាក់នោះទេ គឺជារឿងរបស់យើងទាំងអស់គ្នា»។
លោក នេត្រ ភក្ត្រា បានលើកឡើងទៀតថា ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន, ត្រូវជៀសឲ្យផុតពីគ្រឿងញៀនដែលបំផ្លាញអនាគតខ្លួនឯង, ត្រូវបញ្ឈប់គ្រឿងញៀន ដើម្បីខ្លួនឯង និងគ្រួសារ។
ការថ្លែងបែបនេះរបស់លោក នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីកម្មវិធី ប្រកួតវោហារកោសល្យ ឆ្លងសាខា «វគ្គផ្តាច់ព្រ័ត្រ» ក្រោមមូលបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាអ្នកឧញ៉ា ហុង ពីវ (កួរស្រូវ២) រៀបចំដោយសាលាបញ្ញាសាស្រ្តអន្តរជាតិ សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មូលហេតុដែលនាំឲ្យមនុស្ស និងយុវជនមួយចំនួនប្រើប្រាស់គ្រឿងញៀន គឺ «ចង់សាកឃើញគេប្រើប្រាស់សប្បាយ ចាញ់បោក និងត្រូវគេចាំបង្ខំ»។
ដូច្នេះហើយ លោកបានផ្តាំផ្ញើដល់ក្មួយ ៗប្អូនៗ និងយុវជនទាំងអស់ សូមជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន កុំចង់សាក ហើយនៅពេលគេលួងលោមឲ្យប្រើប្រាស់ គឺខ្លួនយើងត្រូវដឹងច្បាស់ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន, បើសិនជាមានគេចាប់បង្ខំ បោកបញ្ឆោត ត្រូវរិះរកគ្រប់វិធីដើម្បីគេចចេញដោយមិនប្រើប្រាស់។
លោកក៏បានជំរុញលើកទឹកចិត្ត ដល់សាធារណជនទូទៅ ពិសេសយុវជនទាំងអស់ត្រូវត្រូវខិតខំប្រឹងប្រែងអនុវត្ត ឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះ គឺសម្តេចធិបតីបានបន្ត បេសកកម្មនៅក្នុងការទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដាក់ចុះនូវវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន។
ក្នុងឱកាសនេះដែរ លោកប្រធានគណៈកម្មការ បានជំរុញលើកទឹកចិត្ត ដល់សិស្ស និស្សិត និងយុវជន រួមទាំងបងប្អូនប្រជាពលរដ្ឋ សូមទាញយកកម្មវិធីទូរស័ព្ទដៃ (App NoDrug) មកប្រើប្រាស់ដែលបច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ជាង ៤ម៉ីននាក់ហើយ ហើយចូលរួម ដោនឡូត App «No Drug» មានន័យថា ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និង ទប់ស្កាត់បញ្ហាគ្រឿងញៀន។
ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅ បានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ។
ហើយជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹង និងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។
បណ្ឌិត កុលផេង វឌ្ឍនា នាយកប្រតិបត្តិសកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាបញ្ញាសាស្ត្រអន្តរជាតិ បានជម្រាបជូនថា កម្មវិធីប្រកួតវោហារកោសល្យ ឆ្លងសាខា «វគ្គផ្តាច់ព្រ័ត្រ» ក្រោមមូលបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» គឺធ្វើឡើងដោយមានសិស្សានុសិស្ស ជាយុវជនចូលរួមប្រមាណជាង ៤០០នាក់ ដោយធ្វើការប្រកួតលើប្រធានបទ «មានតែយុវជនខ្លួនឯងទេ ដែលជាកត្តាសំខាន់ក្នុងការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន យ៉ាងមានប្រសិទ្ធភាពបំផុត» ប្រធានបទ «យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការប្រើប្រាស់គ្រឿងញៀនដើរតួនាទីសំខាន់ក្នុងបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនតាមមូលដ្ឋានពិតប្រាកដ»៕