(ភ្នំពេញ)៖ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។
លោក Kim Han-Gil បានគូសបញ្ជាក់បញ្ជាក់បែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោក Kim Han-Gil បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីខែឧសភា ឆ្នាំ២០២៤ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែបានជួយដល់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង ឧស្សាហកម្ម ជាដើម។ សម្ដេចបវរធិបតីវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកូរ៉េដែលបានផ្តល់ការគាំពារដល់ពលករកម្ពុជា ដែលកំពុងធ្វេីការនៅប្រទេសកូរ៉េ។
សម្តេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យលោក Kim Han-Gil បន្តកិច្ចសហការដ៏ល្អ និងសកម្ម ជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រយោជន៍ ដល់ប្រទេសទាំងពីរ៕