(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
ការស្នើរយ៉ាងដូច្នេះរបស់លោក ហួត ហាក់ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សក្តានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យ ទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, លោក Vijay Shankar Padsad តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងលោក ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ជាច្រើនចូលរួមផងដែរ។
លោក ហួត ហាក់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាការពិត សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។
លោកបន្តថា ជាក់ស្តែង កាលពីឆ្នាំ២០២៣កន្លងមក កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌាមានចំនួនប្រមាណ ៦,៩ ម៉ឺននាក់ និងទេសចរជាតិប្រមាណ ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះ ទេសចរឥណ្ឌាមានចំនួនប្រមាណ ៥ ម៉ឺននាក់ កើនឡើង ១៥,២%។
លោកបន្ថែមថា វិស័យទេសចរណ៍កម្ពុជា ផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រទេសឥណ្ឌា ដែលមានទាំងលំហូរទេសចរ និងវិនិយោគឥណ្ឌាផងដែរ។ កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរ និងវិយោគឥណ្ឌា តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ និងវិនិយោគរបស់មិត្តឥណ្ឌានៅកម្ពុជា។ កំណើនទេសចរឥណ្ឌា គឺជាកាលានុវត្តន៍សំខាន់ ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យ ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀត សម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។
លោក Vijay Shankar Padsad បានលើកឡើងថា ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឥណ្ឌា-កម្ពុជា បានខិតខំប្រឹងប្រែងជំរុញឱ្យមានការភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ និងសូមអបអរសាទរបន្ថែមទៀត ចំពោះការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ លោកបន្តថា តាមរយៈនៃទំនាក់ទំនងកិច្ច សហប្រតិបតិ្តការដ៏ល្អរវាងប្រទេសទាំងពីរ សង្ឃឹមថានាពេលខាងមុខនេះ លំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរនឹងមានការកើនឡើងផងដែរ។
លោក ឌី រ៉ាដូ បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាពនៃការ បម្រើសេវាកម្មទេសចរណ៍ខេត្តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាព និងតំបន់ក្នុង ក្រុងឱ្យកាន់តែមានភាពស្រស់បំព្រងរស់រវើក ដូចជា៖ ផ្លូវថ្នល់ រុក្ខវិថី និងដងស្ទឹងសៀមរាប ដែលសក្តិសមជា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពលើកិច្ចថែរក្សា ការពារ និងអភិរក្ស ធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានជម្រុញឱ្យខេត្តសៀមរាបក្លាយជាទីផ្សារទេសចរណ៍ ដ៏សំខាន់សម្រាប់តំបន់ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ជាមួយនេះដែរ លោក ឌី រ៉ាដូ បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍, ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សមាគមទេសចរណ៍កម្ពុជា (CATA) ស្ថាប័ននានា និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលបានផ្តួចផ្តើម រៀបចំវេទិការទេសចរណ៍នេះឡើង ជាពិសេស ការជ្រើសរើសខេត្តសៀមរាប ជាកន្លែងសម្រាប់រៀបចំពិធី និងកិច្ចប្រជុំសំខាន់ៗនាពេលកន្លងមក និងពេលខាងមុខបន្តបន្ទាប់ទៀតផងដែរ៕