(ភ្នំពេញ)៖ ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហត្ថលេខាដាក់ឱ្យប្រាស់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ក្នុងព្រះរាជក្រឹត្យនេះ ក្រៅពីបានបង្ហាញ នូវលក្ខខណ្ឌទទួលបានគោរមងារឧកញ៉ាហើយនោះ ក៏បានបញ្ជាក់ពីហេតុផលមួយចំនួន ដែលត្រូវបញ្ចប់គោរមងារឧកញ៉ាវិញផងដែរ។
ព្រះរាជក្រឹត្យបានបញ្ជាក់ថា គោរមងារឧកញ៉ាអាចត្រូវបានបញ្ចប់ ក្នុងករណីណាមួយដូចខាងក្រោម៖
* គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
* គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
* គោរមវន្តត្រូវបានរកឃើញថា បានប្រព្រឹត្តល្មើសនឹងមាត្រា១៧ នៃព្រះរាជក្រឹត្យនេះ
* គោរមវន្តត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់ខ្លួន មានការក្លែងបន្លំ។
មាត្រា១៧ បានចែងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
ដោយឡែក បែបបទ និងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ។ ក្នុងករណីចាំបាច់ នាយករដ្ឋមន្ត្រីអាចលើកសំណើទូលថ្វាយព្រះមហាក្សត្រ ក្នុងការបញ្ចប់គោរមងារ ឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ។
ព្រះរាជក្រឹត្យនេះ មិនមានអានុភាពប្រតិសកម្មដល់គោរមងារឧកញ៉ា ដែលគោរមវន្តទទួលបានមុនពេល ព្រះរាជក្រឹត្យនេះចូលជាធរមានឡើយ។ គោរមវន្តទាំងអស់ ត្រូវអនុវត្តសិទ្ធិ និងកាតព្វកិច្ច ដែលកំណត់ក្នុងព្រះរាជក្រឹត្យនេះ។
មន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ដែលទទួលបានគោរមងារឧកញ៉ា មុនព្រះរាជក្រឹត្យនេះ ចូលជាធរមាន ត្រូវស្នើសុំលាឈប់ប្រើប្រាស់គោរមងារឧកញ៉ា ឬលាឈប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ និងយោធិន បន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន។
បទប្បញ្ញត្តិក្នុងកថាខណ្ឌទី ៣ខាងលើ មិនអនុវត្តចំពោះគោរមវន្ត ដែលមានចំណេះជំនាញពិសេសលើវិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការ ពីស្ថាប័នមានសមត្ថកិច្ចជាតិ ឬអន្តរជាតិ៕