(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំរៀបចំ ប្លង់គោលប្រើប្រាស់ដីធ្លីនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរៀបចំប្រព័ន្ធអូរ ប្រឡាយ និងខ្សែផ្លូវ តាមប្លង់គោលប្រើប្រាស់ដីធ្លីក្នុងភូមិ៣ សង្កាត់លេខ១ ហើយខេត្តព្រះសីហនុមាន៥ក្រុង ស្រុក មាន ២៩ឃុំ សង្កាត់ ស្មើនឹង១១១ភូមិ។

នាពេលកន្លងមក ខេត្តបានចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋបានចំនួន១០៦ភូមិ នៅសល់ប្រមាណ៥ភូមិទៀត នឹងចេញបណ្ណបញ្ចប់នៅពេលខាងមុខ ពោលការចេញបណ្ណ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនេះ គឺជួយសម្រួល និងកាត់បន្ថយទំនាស់ដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំពុងជំរុញការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានលឿនឆាប់។ ទន្ទឹមនោះ យើងត្រូវរៀបចំប្រព័ន្ធអូរ ប្រឡាយ និងកំណត់ចំណីផ្លូវជាតិ ផ្លូវរថភ្លើង ឱ្យបានច្បាស់លាស់ទៅតាមប្លង់គោ។

ក្នុងកិច្ចប្រជុំមន្ទីរជំនាញ និងអាជ្ញាធរដែនដី បានធ្វើការពិភាក្សាកាត់តម្រឹមកែសម្រួលប្លង់គោលប្រើប្រាស់ដីធ្លីក្នុងសង្កាត់លេខ១ មានដូចជាអូរ ប្រឡាយ និងផ្លូវជាតិ ផ្លូវរថភ្លើង និងធ្វើការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ដើម្បីរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅក្នុងភូមិ៣ សង្កាត់លេខ១ ដើម្បីមុនចេញកម្មសិទ្ធិមានលក្ខណៈប្លង់ប្រព័ន្ធជូនប្រជាពលរដ្ឋ៕