(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាអាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុចាប់ពី ៩ខែ ដល់អាយុក្រោម៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច មួយដូសបន្ថែមទៀត ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់នូវការឆ្លងឡើងវិញជាយថាហេតុណាមួយ ឆ្លងពីបណ្ដាប្រទេស ហើយបន្ដចម្លងជំងឺចូលមកកម្ពុជា។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូចបន្ថែមនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ បន្ថែមមួយដូស ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។

លោកសាស្ដ្រាចារ្យបានបន្ដថា «ថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូចនេះ ជាវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងឥទ្ធិពលបំផុតនៅលើសកលលោក ក្នុងការបង្ការកុំឱ្យកើតជំងឺទាំងនេះ ដែលជាជំងឺអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់បុត្រធីតាលោកអ្នក ។ដូច្នេះសូមឱ្យជីតា ជីដូន ឪពុកម្ដាយ អាណាព្យាបាលទាំងអស់ សូមនាំកូនៗនិងចៅ ទៅទទួលវ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា ដោយផ្ដល់បន្ថែម។ ថ្វីត្បិតតែបងប្អូនធ្លាប់យកកូនមកទទួលថ្នាំបង្ការនេះក៏ដោយ ក៏ប៉ុន្ដែលើកនេះ គឺជាការចាក់បន្ថែមដល់កុមារសម្រាប់ឆ្នាំ២០២៤នេះ»។

លោកសាស្ដ្រាចារ្យបានគូរសម្លឹកថា «កន្លងមកកម្ពុជាធ្លាប់បានលុបបំបាត់ជំងឺកញ្ជ្រឹលទាំងស្រុងរួចហើយ ដោយមានការទទួលស្គាល់ជាសកល ក៏ប៉ុន្ដែរៀងរាល់ ៥ឆ្នាំម្ដង ជំងឺនេះអាចនាំចូលពីខាងក្រៅ អាចឆ្លងមកប្រទេសយើង។ ចឹងរាល់ ៥ឆ្នាំម្ដង ជាទម្លាប់យើងត្រូវបោះសម្អាត ដើម្បីបង្ការនូវការអាចឆ្លងជាយថាហេតុនេះ។ ដូច្នេះហើយបានជាយើងធ្វើការយុទ្ធនាការចាក់ថ្នាំបង្ការ ដើម្បីទប់ស្កាត់ជាមុន ដូច្នេះយើងធ្វើការលុបបំបាត់ជារួម»។

យុទ្ធនាការនេះគឺជាការធ្វើព្រមៗគ្នាទាំងអស់គ្នា ក្នុងរយៈពេលមួយខ្លី ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មាតាបិតា ជីដូន ជីតា មាមីងទាំងអស់ នាំបុត្រធីតារបស់ខ្លួន ទៅទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេស ដែលមាននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យទាំងឡាយ។ ជាពិសសការចាក់ថ្នាំបង្ការនេះ ក៏អាចជួយបង្ការនូវជំងឺផ្សេងៗដែលប្រហាក់ប្រហែលនឹងជំងឺទាំងពីរនេះផងដែរ ពីព្រោះនៅលើពិភពលោកមានជំងឺឆ្លងប្លែកៗជាច្រើន។ ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។

សម្រាប់យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល ស្អូច នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលនៅទាប ដែលបច្ចុប្បន្ន នៅលើសកលលោក ករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី ១៧០,០០០ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣។ យុទ្ធនាការយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច ទូទាំងប្រទេសនេះ គឺជាវិធានការសំខាន់មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាលនៃជំងឺនានា និងគាំទ្រដល់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល។

បច្ចុបន្បន្ននេះ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងដែលអាចការពារជំងឺទារក កុមារបាន មានចំនួន ១២មុខ រួមមាន៖ ការពារជំងឺរបេង គ្រុនស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើមប្រភេទបេ ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Hib) ជំងឺកញ្រ្ជឹល ជំងឺស្អូច ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Streptococcus) ជំងឺរលាកខួរក្បាលជេអ៊ី និងការពារជំងឺមហារីកមាត់ស្បូន៕