(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រី សម្តែងសិល្បៈ និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗជាច្រើនទៀត។

ដូចនេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខាងលើ ឱ្យបានអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណីជាតិ និងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តសប្បាយ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ» រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលតទៅ នៅតាមដងទន្លេសាប មុខវត្ត ឧណ្ណាលោម ដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យម ចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ ក្នុងពិធីប្រណាំងទូកនេះ និងចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទូកអុំ-ទូកចែវ រាជធានីភ្នំពេញទាំងអស់ ឱ្យបានច្រើនកុះករ ។

ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕