(មណ្ឌលគិរី)៖ សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ រយៈពេល៤ ថ្ងៃនៅខេត្តមណ្ឌលគិរី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាចែករំលែកចំណេះដឹងផ្សេងៗ ដល់សមាជិកសមាគមមកពីសាខាទាំង៦។
សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចការសង្គម ការសិក្សា និងបណ្ដុះភាពជាអ្នកដឹកនាដល់ពួកគេ។
ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង » ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា នៅភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី។ ការបោះជំរំដ៏ធំប្រចាំឆ្នាំនេះ មានការជួបជុំសមាជិការបស់សមាគមកាយប្ញទ្ធិនារីទាំង៦សាខារួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។
ថ្ងៃទីមួយនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា គណៈកម្មការសមាគមបានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ទាំងសមាជិកាគាំទ្រ និងសមាជិកាសកម្ម ព្រមទាំងមានការចូលរួមជួយពីកម្លាំងស្ម័គ្រចិត្តនៃកាយប្ញទ្ធិជាតិប្រចាំខេត្តមណ្ឌលគិរី បានរៀបចំទីតាំងបោះជំរំ ព្រមទាំងតម្លើងតង់ស្នាក់នៅសម្រាប់ប្អូនៗ កុមារី និងយុវតី ដែលជាសមាជិកាសកម្មរបស់សមាគមដែលបានចូលរួមបោះជំរំនាពេលនេះ។
ការបោះជំរំប្រចាំឆ្នាំនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនក្នុងការតម្រង់ទិសកុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំក្នុងសង្គម ព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់ចំណេះដឹង និងការអប់រំសម្រាប់ប្អុនៗផងដែរ។
សកម្មភាពសំខាន់ៗ នៅថ្ងៃទីមួយក្នុងទីលានជំរំ ប្អូនៗ កុមារី និងយុវតី ទទួលបានការតម្រង់ទិសពីគ្រូបង្គោលនូវវិន័យ និងបទបញ្ជាដែលអនុវត្តក្នុងជំរំ ការអប់រំចិត្ត ព្រមទាំងបង្ហាត់បង្រៀនប្អូនៗទាក់ទងការដំឡើងតង់ស្នាក់ក្នុងជំរំ។
ដោយឡែកពិធីបើកជំរំប្រចាំឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃស្អែក ថ្ងៃទី១ ខែវិច្ឆិកា ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា។
គួរជម្រាបផងដែរថា នៅល្ងាចថ្ងៃទី៣១ ខែតុលានេះ លោកជំទាវអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក៏បានអញ្ជើញចុះ ពិនិត្យមើលទីតាំងជំរំ ព្រមទាំងបានសំណេះសំណាលជាមួយប្អូនៗ សមាជិកាទាំង៦សាខា ដែលចូលរួមបោះជំរំផងដែរ៕