(ភ្នំពេញ)៖ ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានានៅកម្ពុជា។ ការគូសរំលេចបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងសម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ដឹកនាំដោយលោក Muhammad Abdul Muhith នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជា​ដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោត​សរសើរ​ចំពៅះការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចតាមបណ្ដា​ខេត្តមួយ​ចំនួន គណៈប្រតិភូបានកត់សម្គាល់ពីវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាល សេវាអប់រំ ព្រមទាំងការចូលរួមរបស់ស្ត្រី និងយុវជននៅតាមសហគមន៍មូលដ្ឋាន។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សា​ប្រតិបត្តិនៃ​ទីភ្នាក់​ងារអង្គការសហប្រជាជាតិនៅកម្ពុជា ឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងអង្គការ​សហប្រជាជាតិ ដែលនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព នៅកម្ពុជា។

សម្ដេចបវរធិបតីមានប្រសាសន៍បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ក៏បានផ្ដល់ទស្សនទាន​ និងការយល់ដឹងបន្ថែមទៀតដល់គណៈប្រតិភូ អំពីគោលដៅអភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ចកម្ពុជា ការសម្រេចបានជាសមិទ្ធផលរបស់កម្ពុជា​ និងវិស័យសក្ដានុពលសម្រាប់កិច្ចសហ​ប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។

សម្ដេចបវរធិបតី និងលោកប្រធានគណៈប្រតិភូ បានពិភាក្សាអំពីការពង្រឹង និងពង្រីកភាពជាដៃគូ​រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ លើវិស័យសំខាន់ៗ រួមមាន៖ វិស័យ​សុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល​ ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាម​​ពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់​ស្រ្តី និងយុវជន ជាដើម។

លោកប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានអះអាងថា នឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ បន្តរួមចំណែកគាំទ្ររបៀប​វារៈអភិវឌ្ឍន៍​របស់​កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលនឹងផ្តល់ប្រយោជន៍ដ​ល់ប្រជាជនទាំងអស់​ និងមិនទុកនរណាម្នាក់ចោលឡើយ៕