(កូឡុំប៊ី)៖ លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងជ្រុងមួយនៃភាពស្អាតរបស់កម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសាធារណរដ្ឋកូរ៉េ នៅក្នុងសន្និសីទនៃរដ្ឋភាគី នៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។

ជំនួបទ្វេភាគីនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងកាលី ប្រទេសកូឡុំប៊ី រវាងលោកបណ្ឌិត អ៊ាង សុផល្លែត ជាមួយលោក ហុង ស៊ិកចូ (Hong Sik Cho) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងនូវកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានលើកឡើងនូវភាពស្អាត របស់កម្ពុជាក្នុងដែនទឹក ដែនគោក និងដែនអាកាស ដែលកម្ពុជាកំពុងបានអនុវត្តស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងកោលដៅឆ្ពោះទៅកម្ពុជាមានភាព ស្អាត ភាពបៃតង និងចីរភាព។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងនូវការអបអរសាទរនិងគាំទ្រកម្ពុជា ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងទប់ស្កាត់ប្រភពហូរនាំថង់ប្លាស្ទិកទៅក្នុងបឹងទន្លេសាប។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការទ្វេភាគីខាងលើ គឺជាការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើឱ្យសម្រេចគោលដៅទាំងបួន និងចំណុចដៅទាំង២៣ របស់ក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ ដែលបានអនុម័តនៅក្នុង COP15 ដែលរៀបចំឡើងកាលឆ្នាំ២០២២ នៅប្រទេសកាណាដា។

លោកបណ្ឌិត អ៊ាង សុផល្លែត បាននឹងកំពុងបំពេញបេកកម្ម តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី និងបានថ្លែងសន្ទរកថាពីគោលនយោបាយបរិស្ថានកម្ពុជា ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដែលជាពិសេសលើភាពស្អាត ភាពបៃតង និងចីរភាព៕