(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៤០ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៩ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។

ដោយឡែកនៅក្នុងខែតុលា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន២៩ពាក្យប្ដឹង។

ជាមួយគ្នានេះកត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ៤២២នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៣១២នាក់ និងមន្ត្រី ១១០នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។

ដោយឡែកសម្រាប់ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ACU បានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៤លើក (១) ការប្រឡងសញ្ញាបត្រមធ្យមសិក្សា
ទុតិយភូមិ ដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ទាំងបីដំណាក់កាល សំណេរ កំណែ បូកស្រង់ និងប្រកាសលទ្ធផល (២) ការប្រឡងបញ្ចប់ថ្នាក់ជាតិ របស់និសិ្សតតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសុខាភិបាល។

*បំពេញការងារ ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ២៦គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ១៥អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ការងារតំបន់ និងអន្តរជាតិ កាលពីថ្ងៃទី០១-០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡេង តុលា ជំនួយការទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. បានដឹកនាំប្រតិភូ ចំនួន ០៣រូប ចូលរួមក្នុងកិច្ចពិភាក្សាថ្នាក់តំបន់លើប្រធានបទចំនួនពីរ (១) សិទ្ធិមនុស្ស និងការប្រឆាំងអំពើពុករលួយ (២) អំពើពុករលួយ និងយេនឌ័រ ដែលបានរៀបចំដោយ
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្ម និងគ្រឿងញៀន (United Nations Office on Drugs and Crime, UNODC) និងការិយាល័យឧត្តមស្នងការ សម្រាប់សិទ្ធិមនុស្ស (Office of the High Commissioner for Human Rights, OHCHR) នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រតិភូ ចំនួន៧០រូប មកពី១១ប្រទេស។ កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ ដើម្បីចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ល្អ និងថ្មីៗ ជំរុញកិច្ចខិតខំប្រឹងប្រែងជួយគ្នាទៅវិញទៅមកក្នុងតំបន់ ក្នុងការលើកកម្ពស់ការគោរពសិទ្ធមនុស្ស ការកាត់បន្ថយអំពើពុករលួយ ព្រមទាំងបង្ហាញពីទម្រង់ថ្មីៗនៃការរំលោភបំពានផ្លូវភេទ ដែលកើតចេញពីអំពើពុករលួយ។

ដោយឡែក កាលពីថ្ងៃទី១៤ ដល់ថ្ងៃ១៨ ខែតុលា ឆ្នាំ២០២៤ លោក យន់ ស៊ីណាត អនុប្រធាន បានដឹកនាំប្រតិភូ អ.ប.ព. ចំនួន០៧រូប ចូលរួមសង្កេតការណ៍ក្នុងកិច្ចប្រជុំក្រុមការងារសុចរិតភាពសាធារណៈ និងប្រឆាំងអំពើពុករលួយ (Public Integrity and Anti-Corruption,PIAC) ដែលបានរៀបចំដោយ អង្គការ
សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (The Organization for Economic Co-operation and Development, OECD) នឹងបានប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានប្រទេសចូលរួមចំនួន៥០។ កិច្ចប្រជុំនេះជាវេទិការមួយដ៏មានសារៈសំខាន់ ដើម្បីចែករំលែកបទពិសោធន៍ និងនុវានុវត្តន៍ថ្មីៗ អំពីវិធានការទាំងឡាយក្នុងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព វិស័យសាធារណៈ ពីបណ្ដាប្រទេសដែលចូលរួម។

ស្ថិតក្នុងឱកាសនោះ អនុប្រធាន ACU ក៏បានចូលរួមចែករំលែក អំពីកិច្ចប្រឹងប្រែងលើការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លៀវក្លា និងថាមពល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ៕