(ភ្នំពេញ)៖ «មូល​និធិ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាង​ផ្លូវក្រវាត់​ព្រំដែន» បញ្ចប់ការទទួលប្រាក់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ រយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិក។

កាលពីថ្ងៃទី២២ សីហា ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្តេចបង្កើត «មូល​និធិ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោត​លើការ​កសាង​ផ្លូវក្រវាត់ព្រំដែន» តបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបានឱកាសចូលរួមក្នុងបុព្វហេតុជាតិ ជាពិសេសការកសាងផ្លូវតាមក្រវាត់ព្រំដែន។

ក្រោយការបង្កើតមូលនិធិនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី បានស្ម័គ្រចិត្តបរិច្ចាគថវិកាតាមលទ្ធភាពរបស់ពួកគេចូលរួមក្នុងមូលនិធិនេះ។

ចលនានៃការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការ​កសាងផ្លូវក្រវាត់ព្រំដែន» ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ របាយការណ៍បានឱ្យដឹងថា រយៈពេល៦៦ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា មានប្រជាពលរដ្ឋខ្មែរចូលរួមសរុប ៧២០,១០៥អង្គ/នាក់ ដោយបានចូលរួមបរិច្ចាគ និងទទួលបានថវិកាសរុបចំនួន ៣២,៩៥២,៤៤២,០៤៤រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨,៧២៩,៩៩៨ ដុល្លារ​អាមេរិក (គិតសរុបជាទឹកប្រាក់ដុល្លារអាមេរិកស្មើប្រមាណ ២៦,៩៦៧,៦០៩ដុល្លារអាមេរិក)។

សម្តេចមហាបវរធិបតី បង្ហាញមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការ​គាំទ្រ​យ៉ាង​ផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតី​មហាសាមគ្គី​ជាតិ​ខ្មែរ។

សម្តេចមហាបវរធិបតី សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។ សម្តេចមហាបវធិបតី ចាត់ទុកការចូលរួមនេះ គឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិកា​ស្នេហាជាតិមាតុភូមិ​របស់​ជនរួមជាតិ  ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាង​ក្នុង​មហា​ចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងការបិទបញ្ចប់ការទទួលប្រាក់សម្រាប់មូលនិធិនេះ សម្តេចមហាបវរធិបតី ក៏បាន​សម្រេច​​បង្កើត​ក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែនផងដែរ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ។

គណៈកម្មការចំពោះកិច្ចនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី៕