(សៀមរាប)៖ ក្នុងពិធីបើកវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងវិស័យឯកជនប្រទេសទាំងពីរដែលមានវត្តមានយ៉ាងច្រើនកុះករក្នុងវេទិកានេះ បន្តសហការរៀបចំកម្មវិធី ក៏ដូចជាជួយផ្សព្វផ្សាយពីសភាពការពិតរបស់កម្ពុជា កត្តាសន្តិសុខ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាដល់ភ្ញៀវជនជាតិឥណ្ឌា និងភ្ញៀវអន្តរជាតិដទៃ។
ពិធីបើកវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ ត្រូវបានធ្វើឡើងនៅសណ្ឋាគារបុរីអង្គរ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ហួត ហាក់ ដោយមានការចូលរួមពីគណៈអភិបាលខេត្តសៀមរាប តំណាងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជនកម្ពុជានិងឥណ្ឌាប្រមាណ៤០០នាក់។ ការចូលរួមពីសំណាក់ភាគីអន្តរក្រសួង ស្ថាប័ននេះ គឺដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា សំដៅជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ថ្លែងក្នុងវេទិកាដ៏មានសារសំខាន់នេះ លោករដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីថា «វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤» នេះ ស្ថិតនៅក្រោមក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤» ដែលទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ និងការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូវដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តីស្នើដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងវិស័យឯកជនប្រទេសទាំងពីរដែលមានវត្តមានយ៉ាងច្រើនកុះករក្នុងវេទិកានេះ បន្តសហការរៀបចំកម្មវិធី ក៏ដូចជាជួយផ្សព្វផ្សាយពីសភាពការពិតរបស់កម្ពុជា កត្តាសន្តិសុខ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា និងសហគមន៍ឥណ្ឌា ដើម្បីលើកស្ទួយកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព (Safe Destination) និងទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត។
លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិសូមចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ឥណ្ឌាម្នាក់!» «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!»៕