(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក ដោយត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីកាត់បន្ថយអត្រានៃអ្នកកើតជំងឺមហារីក។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាស ដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ ដែលមានការអញ្ជើញចូលរួមពីប្រធានការិយាល័យ និងតាមប្រព័ន្ធអនឡាញ Zoom ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។

លោកសាស្ត្រាចារ្យ បានបន្តណែនាំដល់មន្ត្រីិរបស់ខ្លួននូវចំណុចសំខាន់ៗរួមមាន៖ ១) ការចូលរួមអនុវត្តក្នុងការងារ ២) របៀបជឿនលឿននៃការចាត់ចែងទៅលើការងារ ៣) ការផ្តល់ទម្ងន់ភាព និងការបង្កើនការទទួលស្គាល់ទៅលើលទ្ធផលការងារ ៤) ត្រូវមានគោលដៅ និងប្រើប្រាស់ឱ្យចំពេលវេលា ៥) ត្រូវមានការតាំងចិត្ត និងមោះមុតក្នុងការងារ ៦) ត្រូវមានការសម្រេចចិត្តច្បាស់លាស់ ៧) រក្សានិរន្តរភាពការងារ។

ចំណុចទាំង ៧នេះ ជាកត្តាបង្ហាញពីការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងវិវត្តន៍លឿនទៅមុខមានវឌ្ឍនភាពខ្ពស់។

ជាទីបញ្ចប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំត្រូវមានការរៀបចំទីតាំង និងកំណត់គោលដៅស្តង់គ្រូពេទ្យបម្រើការប្រចាំការ រថយន្តសង្រ្គោះបឋមឱ្យបានច្បាស់លាស់ និងរៀបចំផ្សព្វផ្សាយនូវគោលដៅនីមួយៗ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋទុកជាមុន ក្នុងករណីមានហានិភ័យផ្សេងៗ៕