(ភ្នំពេញ)៖ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ ក្នុងសប្តាហ៍នេះ គឺជាព្រះរាជបន្ទូលដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅបំផុត។ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលអំពាវនាវពលរដ្ឋត្រូវរស់ជាមួយគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញរបស់ជាតិ ដែលព្រះរាជបន្ទូលនេះនៅទន្ទឹមនឹងមេខ្លោងក្រុមជ្រុលនិយមនៅក្រៅប្រទេសបែកគំនិតចង់បង្កើតចលនាតស៊ូ និងបង្កើតរដ្ឋាភិបាលនិរទេសថែមទៀត។ Fresh Exclusive មានបទអត្ថាធិប្បាយមួយជុំវិញបញ្ហានេះ...។
មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី កំពុងត្រៀមបង្កើតសេណារីយ៉ូថ្មីមួយទៀត បន្ទាប់ពីល្បិចកលញុះញង់ រកការបំផ្ទុះឈ្នួនបដិវត្តន៍ពណ៌មិនអាចសម្រេចបានដូចតាមបំណងឡើយ។ ល្បិចកល នៃការឆ្កឹះកកាយរឿងរ៉ាវចាស់ៗ ការបង្កើតព័ត៌មានញុះញង់ ការប្រឌិតព័ត៌មានក្លែងក្លាយអំពីការបាត់បង់ទឹកដីខ្មែរទៅឱ្យវៀតណាម និងលេសចោទប្រកាន់នៃការបំពានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលក្រុមជ្រុលនិយម បានព្យាយាមលើកឡើង ដើម្បីញុះញង់រកការផ្ទុះកំហឹងតវ៉ាពីប្រជាជននោះ ត្រូវបានពលរដ្ឋខ្មែរក្នុងប្រទេស បានរួមគ្នាទប់ស្កាត់តាមរយៈការបញ្ចេញព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។
ក្រោយល្បិចកលទាំងនេះ ត្រូវបានមើលឃើញថានឹងអស់មានស្នៀតថ្មី ដើម្បីជាលេសបំផ្ទុះជាកំហឹងតវ៉ាទៀតនោះបាន សម រង្ស៊ី បានបញ្ចេញក្រឡាសារបស់ខ្លួនចុងក្រោយមួយនោះ គឺការបង្កើតនូវចលនាតស៊ូ និងការចង់បង្កើតរដ្ឋាភិបាលនិរទេសខុសច្បាប់។
ទណ្ឌិត សម រង្ស៊ី ដែលបានរត់គេចចេញពីកម្ពុជា តាំងពីចុងឆ្នាំ២០១៥ បានព្យាយាមជាខ្លាំងណាស់ដើម្បីការចង់វិលត្រឡប់មកបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបុគ្គលដ៏ស្មោកគ្រោក ដែលប្រព្រឹត្តនូវទង្ចើក្បត់ជាតិ និងក្បត់ប្រជាជនខ្មែរ ត្រូវបានតុលាការកាត់ទោសដាក់គុកឱ្យជាប់ទោសអស់មួយជីវិត ជាមួយការដកសិទ្ធិធ្វើនយោបាយជាស្ថាពរទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិនយោបាយផ្សេងៗដទៃទៀត។
រយៈពេល៩ឆ្នាំចុងក្រោយកន្លងមកនេះ ទណ្ឌិតរូបនោះត្រូវគេឃើញបានធ្វើដំណើរទៅអែបអបមន្ត្រីបរទេសមួយចំនួនក្នុងនោះរួមមានមន្ត្រីអាមេរិកខ្លះ ដើម្បីតែបំណងបន្តបំផ្លាញសន្តិភាពដែលកម្ពុជា និងប្រជាជនរកបានដោយលំបាក ក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការឯកភាពទឹកដីឡើងវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
រយៈពេល៩ឆ្នាំចុងក្រោយមកនេះទោះបីជា សម រង្ស៊ី ព្យាយាមបិទបាំងខ្លួនក្រោមស្លាកនិយាយថា អាមេរិកាំង បានជួយពួកខ្លួនដែលជាពួកប្រជាធិបតេយ្យក៏ដោយ សម រង្ស៊ី នៅតែមិនអាចសម្រេចនូវឧបាយកលរបស់ខ្លួន ដែលចង់បំផ្លាញសន្តិភាពបានឡើយ។ ពីព្រោះអ្វី? នោះ គឺដោយសារតែនយោបាយរបស់ សម រង្ស៊ី គឺជានយោបាយទុច្ចរិត, នយោបាយប្រជាភិថុតិ និងតែងយកស្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកក្លែងបន្លំជាត្រីមុខ។
ប៉ុន្តែអ្វីមួយដែលក្រុមជ្រុលនិយមត្រូវដឹងនោះគឺថា សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ដែលធ្លាប់តែនិយាយ អំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែរនោះ ពេលនេះក៏គេបានឮសម្តីបង្ហាញការធុញទ្រាន់នឹងនយោបាយ ដែលបានចាត់ទុកថាធ្វើឱ្យខាតប្រយោជន៍ជាតិរបស់អាមេរិកខ្លួនឯងនោះផងដែរ។ បេក្ខជនគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលកំពុងប្រកួតប្រជែងការបោះឆ្នោត ថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ បានថ្លែងបង្ហាញការធុញទ្រាន់នឹងពាក្យលទ្ធិប្រជាធិបតេយ្យនេះ។
លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានប្រាប់ពលរដ្ឋអាមេរិកថា៖ «តើយើងទទួលបានអ្វីខ្លះពីការជំរុញ ២០ ឆ្នាំរបស់សហរដ្ឋអាមេរិក ដើម្បីលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក?»។ លោក ដូណាល់ ត្រាំ បានថ្លែងថា៖ «ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ យើងបានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យយ៉ាងខ្លាំងក្លា ក្នុងនាមជាប៉ូលិសអន្តរជាតិ និងជាអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ»។ ប៉ុន្តែលោកបានកត់សម្គាល់ថា៖ «ជាមួយនឹងកាំភ្លើង និងប្រាក់ដុល្លារជនជាតិអាមេរិក ពិតជាបានទម្លាក់លោក សាដាម ហ៊ូសេន នៅអ៊ីរ៉ាក់, ទម្លាក់ លោក កាដាហ្វីនៅលីប៊ី នៅស៊ីរី អេហ្ស៊ីប អ៊ុយក្រែន តួកគី និងក្រិក ក្នុងរយៈពេល២០ឆ្នាំនោះមែន។ ប៉ុន្តែសួរថា តើជនជាតិអាមេរិកយើង ទទួលបានអ្វីខ្លះ?»។
លោក ដូណាល់ ត្រាំ និយាយបញ្ជាក់ក្នុងចំណុចនេះថា៖ «ពាណិជ្ជកររបស់យើង មិនហ៊ានទៅមជ្ឈិមបូព៌ា និងអាហ្រ្វិកដើម្បីធ្វើជំនួញទេ…ពួកគេមិនហ៊ានលើកទង់ជាតិ ក្នុងព្រឹត្តិការណ៍អូឡាំពិកប្រេស៊ីល…ហើយដរាបណា ដែលពួកគេទទួលស្គាល់ថា ពួកគេជាជនជាតិអាមេរិកនៅក្នុងតំបន់ផលិតប្រេងនៃមជ្ឈិមបូព៌ាវិញនោះ គឺដូចជាការសម្លាប់ខ្លួនឯងដោយផ្ទាល់»។
ប្រសាសន៍លោក ដូណាល់ ត្រាំ គឺមិនមែនជាអ្វីដែលប្លែក ឬថ្មីនោះទេ ពីព្រោះលទ្ធិប្រជាធិបតេយ្យ មានតម្លៃខុសគ្នា យោងតាមផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ បើសិនជាក្រុមជ្រុលនិយមខ្មែរ ដឹកនាំដោយទណ្ឌិតសម រង្ស៊ី គិតថាប្រជាធិបតេយ្យរបស់ខ្លួនមានទម្ងន់ស្មើនឹងអ៊ុយក្រែន ឬស្មើនឹងអ៊ីស្រាអែលនោះ គឺជាការគិតខុសទាំងស្រុង។ ប្រជាធិបតេយ្យពិតជាមានទម្ងន់ និងតម្លៃរបស់វាខុសគ្នាទៅតាមប្រទេសក្នុងតំបន់។
កម្ពុជាធ្លាប់មានអនុស្សាវរីយ៍ដ៏ជូរចត់រឿងនេះរួចមកហើយ។ សហរដ្ឋអាមេរិកដែលជាដើមចម នៃការធ្វើឱ្យមានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មិនមានដែលវិប្បដិសារីចំពោះការធ្វើឱ្យខ្មែរស្លាប់ជាង៥សែននាក់ក្នុងសង្គ្រាមជាង៥ឆ្នាំ ក្នុងរបបសាធារណរដ្ឋខ្មែរ លោក លន់ នល់ និងការដែលខ្មែរស្លាប់ជាង៣លាននាក់ក្នុងពេលដែលកម្ពុជាបានធ្លាក់ចូលក្នុងរបបកាប់សម្លាប់ ខ្មែរក្រហម៣ឆ្នាំ៨ខែ២០ថ្ងៃនោះឡើយ។
ឯកសារទំនាក់ទំនងការទូតរវាង សហរដ្ឋអាមេរិកនិងកម្ពុជា រវាងពីឆ្នាំ១៩៥០ដល់ឆ្នាំ២០១០ បានសរសេរបង្ហាញថា ក្នុងពេលដែលកម្ពុជាបានធ្លាក់ចូលក្នុងការគ្រប់គ្រងនៃរបបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)រវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ នោះគឺ មិនមែនសហរដ្ឋអាមេរិក មិនដឹងសោះអំពីរឿងដែលកើតឡើងក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែដោយសារតែផលប្រយោជន៍ នៃនយោបាយប្រឆាំងអតីតសហភាពសូវៀត ដែលវៀតណាមបានគាំទ្រក្នុងពេលនោះ បានតម្រូវឱ្យសហរដ្ឋអាមេរិក ត្រូវធ្វើខ្វាក់ និងធ្វើថ្លង់ មើលមិនឃើញទុក្ខវេទនារបស់ខ្មែរ និងមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងគាំទ្រភាគីខ្មែរក្រហម ឱ្យគ្រប់គ្រងអាសនៈនៅអង្គការសហប្រជាជាតិថែមទៀត។
ដូច្នេះជាមួយនឹងការប្រើស្លាកប្រជាធិបតេយ្យក្លែងក្លាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី ថែមទៀតដើម្បីពឹងរកការជួយពីសហរដ្ឋអាមេរិកនោះ ការពិតបានបង្ហាញថា ប្រជាធិបតេយ្យក្លែងក្លាយនោះ វាកាន់តែគ្មានសង្ឃឹមនោះទៅទៀត។ ម្យ៉ាងទៀត ភាពវិវត្តន៍នយោបាយមួយរបស់សហរដ្ឋអាមេរិក ដែលរំពឹងថានឹងកើតឡើង ក្រោយការបោះឆ្នោតសកលអាមេរិកថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ នឹងកាន់តែឱ្យក្រុមជ្រុលនិយមខ្មែរនៅក្រៅប្រទេស កាន់តែអស់សង្ឃឹមកាន់តែខ្លាំងនោះទៅវិញទេ។ វាមិនមែនជារឿងដែលថា មិនប៉ះពាល់ដល់ក្រុមធ្វើនយោបាយជ្រុលនិយមខ្មែរដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះទេ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិការបស់សហរដ្ឋអាមេរិកខាងមុខនេះ។
បើសិនជាលទ្ធផលបន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក មិនថារដ្ឋាភិបាលថ្មីរបស់ក្រុង វ៉ាស្ហ៊ីនតោន ត្រូវបានដឹកនាំដោយគណបក្សសាធារណរដ្ឋ ឬគណបក្សប្រជាធិបតេយ្យនោះទេ ចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺអំណោយផលនយោបាយតែងកើតមានជាដរាបទោះបីតិច ឬច្រើនក្តី។ ប៉ុន្តែចំពោះក្រុមជ្រុលនិយម គឺខុសគ្នាស្រឡះពីព្រោះ៩ឆ្នាំរួចមកនេះ ការកាន់កាប់អាណ្ណត្តិរដ្ឋាភិបាលអាមេរិកតាមរយៈ គណបក្សសាធារណរដ្ឋ និងតាមរយៈគណបក្សប្រជាធិបតេយ្យ លទ្ធផលបានបង្ហាញថា បើទោះបីជាក្រុមជ្រុលនិយមទាំង នោះប្រឹងនិយាយហែកហួរអាក្រក់ពីជាតិសាសន៍ខ្មែរ ឱ្យបរទេសដាក់ទណ្ឌកម្មនោះក្តី ប៉ុន្តែប្រទេសកម្ពុជា នៅតែធ្វើដំណើរទៅមុខរបស់ខ្លួនជាដរាប និងកាន់តែរលូនថែម ទៀតក្រោមមាគ៌ាសន្តិភាពត្រួសត្រាយដោយសម្តេចតេជោ ហ៊ុន សែន។
សម រង្ស៊ី កំពុងដើរដល់ក្រឡាទ័លមួយទៅហើយ ដែលពេលនេះសូម្បីតែការធ្វើបាតុកម្មមួយក្នុងប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់តែមានមនុស្សចូលរួមជាច្រើនកាលពីពេលមុនៗមកនោះ ក៏ពួកគេមិនអាចប្រមូលមនុស្សមកចូលរួមបានច្រើនដូចតាមការរំពឹងទុកឡើយ។ គេបានឃើញហើយថា បាតុកម្មនៃលេសដដែលៗ នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ មិនមានមនុស្សបានមកចូលរួមច្រើនដូចតាមការរំពឹងទុកឡើយ បើទោះបីជាមានមេខ្លោងធំម្នាក់ឈ្មោះ មូ សុខហួរ បានស្កាត់មកពីសហរដ្ឋអាមេរិក ដើម្បីមកជួយលើកទឹកចិត្តការធ្វើបាតុកម្មនោះក៏ដោយ។ ម្យ៉ាងទៀតការធ្វើបាតុម្មនោះត្រូវគេនិយាយថា គោលបំណងពិតប្រាកដមួយនោះ គឺការស្វែងរកលុយពីអ្នកមកចូលគាំទ្រតែប៉ុណ្ណោះ។
នៅក្នុងប្រទេសកម្ពុជានេះវិញ មិនមែនពលរដ្ឋខ្មែរនៅក្នុងប្រទេស មិនដឹងអំពីភាពលេលានៃក្រុមជ្រុលនិយមនៅក្រៅប្រទេសនោះទេ ប៉ុន្តែទង្វើចង់ញុះញង់ឱ្យកម្ពុជាដែលមានសន្តិភាព និងការអភិវឌ្ឍឈានទៅបំផ្លាញប្រទេសខ្លួនឯងវិញ គឺជាអំពើមិនត្រឹមត្រូវឡើយ។ ពលរដ្ឋខ្មែរត្រូវការថែរក្សាសន្តិភាព និងត្រូវការប្រទេសមួយដែលស្ថិតក្រោមរដ្ឋាភិបាលតែមួយក្រោមរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រតែមួយ។
ដូចព្រះមហាក្សត្រនៃប្រទេសកម្ពុជា សម្តេចព្រះបរមនាថន រោត្តម សីហមុនី បានមានព្រះរាជបន្ទូលនាថ្ងៃទី២៩ ខែតុលា ក្នុងខួបព្រះរាជពិធីឡើងគ្រងរាជ្យ២០ព្រះវស្សា នៅក្នុងព្រះបរមរាជវាំងបញ្ជាក់ថា ព្រះអង្គមានមោទនភាពចំពោះកម្ពុជាបច្ចុប្បន្ន ដែលមានសុខសន្តិភាព និងការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់៖
«ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដោយបានឃើញសភាពការណ៍ នៃព្រះរាជាណាចក្រកម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រជារាស្រ្តជាទីស្រឡាញ់នៃយើងទទួលបានសេក្តីសុខ និងកំពុងបន្តបោះជំហ៊ានទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ សមិទ្ធផលនានា នៃសង្គមជាតិត្រូវបានកសាងឡើងអាស្រ័យដោយស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន ព្រះសង្ឃ និងបងប្អូនប្រជារាស្រ្តទូទាំងប្រទេសបានរួមគ្នាកសាងឡើងក្រោមកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិយើងតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលពុំមានកម្លាំងអ្វីអាចធ្ចើឱ្យរង្គោះរង្គើបានឡើយ»។
ដូច្នេះមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី សូមឈប់ប្រើសម្តីញុះញង់ធ្វើឱ្យមនុស្សមានគ្រោះថ្នាក់ ដោយសារតែសម្តីមិនពិតនៃរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យស្អីនោះទៀតទៅពីព្រោះ វាគ្មានការពិតទេ បើឆ្លុះបញ្ចាំងតថភាពទាំងឡាយនៅក្នុងប្រទេសកម្ពុជា។ ការគ្រោងបង្កើតចលនាតស៊ូ ដើម្បីចង់ធ្វើការផ្លាស់ប្តូររាជរដ្ឋាភិបាល គឺកាន់តែជាអំពើខុសច្បាប់ថែមទៀត និងមិនមែនជាទិសដៅនៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដឡើយ។
បើសិនជាចង់ឱ្យខ្មែរផ្លាស់ប្តូរអ្វីមួយក្នុងរបត់ប្រជាធិបតេយ្យពិតប្រាកដ ក៏គួរតែធ្វើកិច្ចការនេះតាមរយៈការបោះឆ្នោតសកលដែលមាន៥ឆ្នាំម្តង ប៉ុន្តែកុំបបួលមនុស្សឱ្យទៅធ្វើចលនាតស៊ូ ឬបង្កើតរដ្ឋាភិបាលនិរទេសខុសច្បាប់ ពីព្រោះវាជាអំពើខុសច្បាប់ដែលនាំឱ្យអ្នកចាញ់ឧបាយកលរងទុក្ខតែប៉ុណ្ណោះ។ ដូចព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ ទ្រង់បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋរបស់ព្រះអង្គរួចមកហើយថា «ក្រោមកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំ របស់ប្រជាជាតិខ្មែរបច្ចុប្បន្នតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ គឺពុំមានកម្លាំងអ្វីនឹងអាចមកបំបែក ឬធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា រង្គោះរង្គើបានឡើយ»៕