(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញលិខិតអបអរសាទរ ជូនចំពោះ សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤។ នេះបើតាមលិខិតអបអរសាទរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងលិខិតអបអរសាទរ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរដល់ក្មួយៗ ជាសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០២៤ នេះដែលជាមោទនភាពសម្រាប់ខ្លួន និងក្រុមគ្រួសារ។
ទន្ទឹមនឹងនេះ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ ឱ្យខិតខំរៀនសូត្របន្ថែមទៀត ដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ ឬអាចចាប់យកឱកាស ក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ដើម្បីបន្តអភិវឌ្ឍន៍ចំណេះដឹង និងជំនាញសម្រាប់កសាងអនាគតភ្លឺស្វាង។
ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមអំពាវនាវ ដល់ក្មួយៗទាំងអស់ ពិចារណាចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀត ពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ជាពិសេស ចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់យក «បច្ចេកវិទ្យា» ជាពិសេស «បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពគន្លឹះទី៥ បន្ទាប់ពី «មនុស្ស ផ្លូវ ទឹក ភ្លើង»។
ដើម្បីមានធនធានមនុស្សឆ្នើមកាន់តែច្រើន ក្នុងឆ្នាំសិក្សាថ្មីនេះកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្តល់អាហារូបករណ៍រហូតដល់ ៥០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល។ សូមក្មួយៗស្កេន QR Code ខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអាហារូបករណ៍នេះ។
ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងជ្រើសរើសជំនាញខាងលើ ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍ចំណេះដឹងនិងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»៕