(កណ្តាល)៖ ក្រោយឈ្មួញនាំចូលបង្កងបានដាក់ពាក្យប្ដឹងលោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលខេត្តកណ្ដាល, លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យមេធាវីរដ្ឋបាលខេត្ត សិក្សាពិនិត្យផ្លូវច្បាប់ជាបន្ទាន់ លើបណ្តឹងរបស់ឈ្មួញនាំចូលបង្កងដែលប្តឹងមន្ត្រីអនុវត្តច្បាប់ដើម្បីផ្តល់នូវតម្លាភាព និងយុត្តិធម៌។

ជុំវិញករណីនេះ លោក នួន បូរ៉ា មេធាវីរដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃ៣១ ខែតុលា ឆ្នាំ ២០២៤នេះថា ក្រោយផ្ទុះករណីនេះលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យលោកពិនិត្យសិក្សាអង្គហេតុ និងអង្គច្បាប់ ដើម្បីធ្វើការតតាំងតាមផ្លូវច្បាប់ ផ្តល់នូវតម្លាភាព យុត្តិធម៌ ដល់សាមីភាគី ពិសេស មន្ត្រីអនុវត្តច្បាប់។

ដោយឡែក លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានអះអាងថា លោកមិនបារម្ភរឿងឈ្មួញបង្កងដែលនាំចូលបង្កងដោយខុសច្បាប់ ឈ្មោះ ចឹង បៀង ប្តឹងនោះទេ ព្រោះលោកអនុវត្តច្បាប់ទៅតាមតួនាទី និងឋានានុក្រម ហើយថវិកាដែលធ្វើការពិន័យ ក៏បានបង់ចូលចំណូលរដ្ឋ រួចរាល់អស់ហើយដែរ និងមានលិខិតស្នាមត្រឹមត្រូវទៀតផង។

លោកបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៤ កញ្ញា កន្លងទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3G-5776 មួយគ្រឿង ដឹកបង្កងនាំចូល គ្មានវិញ្ញបនបត្របញ្ជាក់គុណភាព ផ្នែករោគសាស្ត្រ ចំនួន៧០០Kg តាមបញ្ញត្តច្បាប់ស្តីពីជលផលឆ្នាំ២០០៦ មាត្រ៩៣ ចំណុច៦ បានចែងថា «ការនាំចេញ នាំចូល ផលិតផលជលផលគ្មាន វិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្ត្រជលផល» ត្រូវទទួលរងពិន័យអន្តរកាលពីរដ្ឋបាលជលផលជាប្រាក់ ពីរដងលើតម្លៃទីផ្សារ នៃវត្ថុតាងពិតប្រាកដ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។

កន្លងមករដ្ឋបាលជលផល បានណែនាំ ធ្វើកិច្ចសន្យា២លើកមកហើយ ប៉ុន្តែម្ចាស់អាជីវកម្មនៅតែប្រព្រឹត្តិល្មើសច្បាប់ ទើបឈានដល់ការចាប់យកវត្ថុតាងយកមករក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ ប៉ុន្តែម្ចាស់មិនព្រមអនុវត្ត តាមការពិន័យ។ វត្ថុតាងត្រូវបានសម្រេចបន្តចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល។

ក្នុងពាក្យបណ្តឹងរបស់លោក ចឹង បៀង ចុះថ្ងៃទី១១ កញ្ញា ២០២៤ បកប្តឹងលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា និងប្រព្រឹត្តិអំពើពុករលួយ» ដោយចោទថា ចាប់បង្កងនាំចូលរបស់ខ្លួន ទាមទារឱ្យបង់ប្រាក់ដោយគ្មានវិក័យបត្រផាកពិន័យចូលរដ្ឋត្រឹមត្រូវ៕