(បន្ទាយមានជ័យ)៖ ក្មេងទំនើងមួយក្រុមមានគ្នា១២នាក់ ប្រើមធ្យោបាយម៉ូតូ៤គ្រឿងចេញធ្វើសកម្មភាព វាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ និងយកម៉ូតូជនរងគ្រោះគេចទៅបាត់ កន្លងបានប៉ុន្មានថ្ងៃ ត្រូវកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនចំនួន៨នាក់។
ឃាត់ខ្លួនជនសង្ស័យនេះ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ។
ក្នុងពាក្យបណ្តឹងនោះបានរៀបរាប់ថា ម៉ោង៤រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នោះ មានជនសង្ស័យមួយក្រុម មានគ្នាប្រហែល១២នាក់ បានវាយទៅលើកូនគាត់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយជនសង្ស័យបានយកម៉ូតូកូនគាត់គេចបាត់។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន៨នាក់ ដកហូតវត្ថុតាង ម៉ូតូជនរងគ្រោះ១គ្រឿង និងម៉ូតូជនសង្ស័យ៤គ្រឿង ជាមធ្យោបាយចេញធ្វើសកម្មភាព និងទូរស័ព្ទ២គ្រឿង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត យកមកអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ ១៖ឈ្មោះ រុន ញឹង អាយុ២០ឆ្នាំ, ២៖ឈ្មោះ សាទ វីរ៉ា អាយុ១៦ឆ្នាំ, ៣៖ឈ្មោះ ហុង លីហួរ អាយុ១៦ឆ្នាំ, ៤៖ឈ្មោះ ជា គាន់ អាយុ១៧ឆ្នាំ, ៥៖ឈ្មោះ សោភា ដារិទ្ធ អាយុ១៧ឆ្នាំ, ៦៖ឈ្មោះ គាម សល់ អាយុ១៩ឆ្នាំ, ៧៖ឈ្មោះ ញ៉ែម គឹមឈាន់ អាយុ១៥ឆ្នាំ, ៨៖ឈ្មោះ សំអ៊ុន សេងលី អាយុ១៨ឆ្នាំ ទាំង៨នាក់រស់នៅក្រុងសិរីសោភ័ណ។ ជនសង្ស័យទាំង៨នាក់ ក្រោយពីធ្វើកំណត់ហេតុហើយបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ធ្វើទៅតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ជនសង្ស័យឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធករណី វាយទៅលើជនរងគ្រោះ ហើយយកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួនពិតប្រាកដមែន។
ការបង្ក្រាបនេះដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះ វិញហើយ ដោយឡែកបក្ខពួកដែលនៅសល់ កំពុងធ្វើការស្រាវជ្រាវតាមចាប់បន្ត៕