(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារ ទាំង១៦ផ្នែកឯកជន តំណាងផ្នែកឯកជន បានដឹកនាំថ្នាក់ដឹក សមាជិកសមាជិកា នៃក្រុមការងារចំពោះកិច្ច និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា​ លោក លោកស្រី ក្នុងសកម្មភាពពាណិ​ជ្ជកម្ម និងវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ចូលរួមពិធីពិសាអាហារសាមគ្គីការងារពេលព្រឹក ជាមួយលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំក្រសួងសំខាន់ៗ មួយចំនួន​ ដើម្បីបង្កើតចំណងមិត្តភាពកាន់តែប្រសើរវាងវិស័យឯកជន និងរដ្ឋ។

ការពិសាអាហារសាមគ្គីការងារពេលព្រឹកនេះ គឺមានគោលបំណងបង្កើតចំណងមិត្តភាពកាន់តែ ប្រសើរវាងវិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបង្ហាញពីភាពជាដៃគូពិសេសនៃក្រុមការងារ «ខ» ​«ផ្នែកសំណង់ និងអចលនទ្រព្យ» ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ លើសពីនេះ គឺដើម្បីឱ្យវិស័យឯកជន ជ្រាបអំពីទិសដៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិ ក៏ដូចជាទិសដៅសកម្មភាពមួយចំនួនរបស់ក្រសួងផងដែរ។

ក្នុងឱកាសនោះផងដែរ លោក សាយ សំអាល់ បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើន និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។

ជាមួយគ្នានេះ​ អ្នកឧកញ៉ា គិត ម៉េង បានលើកអំពីកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់អំពីបញ្ហាកង្វល់ របស់វិស័យឯកជនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលយើងមានក្រុមការងារ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន សម្រាប់ជាដៃគូសន្យាជាមួយ ​លោកឧបនាយករដ្ឋមន្ត្រី ជាសហប្រធានក្រុម ការងារ«ឧ» តំណាងផ្នែករដ្ឋាភិបាល ជាមួយសភាពាណិជ្ជកម្មកម្ពុជាក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលបង្កភាពងាយស្រួល និងបំបាត់បញ្ហាដែលជាកង្វល់របស់ វិស័យឯកជន លើសពីនេះតាមរយៈ ក្រុមការងារ នឹងផ្តល់ជាធាតុចូល សំណូមពរ អនុសាសន៍ចាំបាច់ជាច្រើន ជូនដល់ក្រសួង ផងដែរ​៕