(ភ្នំពេញ)៖ ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយ​ផ្តោតលើផ្លូវក្រវាត់ព្រំដែន​ជិត ២៧លានដុល្លារ បានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់​ស្រទាប់​​វណ្ណៈ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ​ ២៥០​គីឡូ​ម៉ែត្រក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី។

ការទទួលថវិកានៃមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។ រយៈពេលប្រមាណ​៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋសរុបជាង​ ៧២ម៉ឺន​អង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក។

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបង្កើតឡើងនោះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បី​បង្ហាញ​ពីការចាត់ចែងថវិកាទាំងអស់នេះ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានបញ្ជាក់ឱ្យដឹងថា ថវិកាមូលនិធិ​នេះ នឹងប្រើប្រាស់សម្រាប់ការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើ​នឹង ១៨.៤ភាគរយនៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ​នៅ​ខេត្តមណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងសរុប ១០២,៤៨គីឡូ​ម៉ែត្រ។

ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់មីន និងយុទ្ធ​ភណ្ឌ​មិន​ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដីជាច្រើនផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូ​ម៉ែត្រ ក៏នឹងត្រូវបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រ​ក្រឡាផងដែរ។

បើតាមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាង​សង់​សិល្បការ្យ​ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។

តាមរយៈសន្និសីទសារព័ត៌មាននេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏បានគូសរំលេចពីស្ថានភាព​លំបាកជាច្រើនក្នុងការសាងសង់ផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរីនេះ ទាមទារឱ្យមានការតាំងចិត្តខ្ពស់។ ខេត្តទាំងពីរជាតំបន់ខ្ពង់រាប មានព្រៃក្រាស់ ជួរភ្នំខ្ពស់ៗ សុទ្ធសឹង​ជាថ្ម មានអូរ ជ្រោះ ជ្រលងជ្រៅយ៉ាងច្រើន។ ក្រៅពីបញ្ហាទាំងនេះ ស្ថានភាពមីន និងគ្រាប់​យុទ្ធ​ភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាស្ថានភាពអាកាសធាតុ ការយាយីនៃជំងឺជាដើម សុទ្ធសឹងជាការនូវ​ឧប​សគ្គសម្រាប់ដំណើរការសាងសង់ផ្លូវក្រវាត់ព្រំដែននេះ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានអះអាងផងដែរថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន​ប្រវែង ២៥០​គីឡូម៉ែត្រនេះ បានចាប់ផ្តើមការដ្ឋានជាផ្លូវការហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ហើយ​គ្រោង​បញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ។

លោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូល​និធិ​​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានអះអាង​ក្នុង​សន្និសីទសារព័ត៌មាថា ថវិកាបានពីមូលនិធិ គឺប្រើប្រាស់សម្រាប់​តែ​ការ​សាងសង់ផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ ដោយមិនមានប្រើប្រាស់សម្រាប់ធ្វើអ្វីផ្សេងនោះឡើយ។ ឆ្លើយតបសំណួររបស់​អ្នក​សារព័ត៌​មានក្នុងសន្និសីទនេះ លោក គឹម ប៊ុនថាន បានបញ្ជាក់ផងដែរថា ផ្លូវនេះនឹងមានការ​ប្រសិទ្ធនាម ប៉ុន្តែការប្រសិទ្ធនាមបែបណានោះ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា នឹងប្រកាសនាពេលក្រោយ។

ក្នុងនាមជាទទួលប្រតិបត្តិ និងទទួលបានការទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើ​កិច្ច​ការសាងសង់ផ្លូវក្រវាត់ព្រំដែនក្រោមថវិកាចូលរួមពីប្រជាពលរដ្ឋ លោក គឹម ប៊ុនថាន និងនាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានបង្ហាញការតាំងចិត្តអនុវត្តន៍កិច្ចការនេះប្រកបដោយការទទួលខុស​ត្រូវខ្ពស់ ធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព និងសន្សំសំចៃខ្ពស់ តាមគោលការណ៍​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក គឹម ប៊ុនថាន បានបង្ហាញការតាំងចិត្តបែបនេះ «យើងខ្ញុំទាំងអស់គ្នាក្នុងនាមក្រុមការ​ងារ​ចំពោះ​កិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន នឹងខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីគ្រប់គ្រង និងចាត់ចែងកញ្ចប់ថវិកាមូលនិធិទទួលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋទៅកសាងផ្លូវក្រវាត់ព្រំដែនឱ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស គម្រោងផែនការ និងប្រកបដោយការទទួលខុសត្រូវ​ខ្ពស់ មានតម្លាភាព និងគណនេយ្យភាព ព្រមទាំងប្រកបដោយការសន្សំសំចៃ»

សូមបញ្ជាក់ថា ការកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយ​បានអនុវត្តន៍​ចាប់​ពី​ឆ្នាំ១៩៩៤មកម្ល៉េះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ ការសាងសង់ផ្លូវខ្សែក្រវាត់ព្រំដែនសម្រេចបានប្រវែង ២,៦១៥គីឡូម៉ែត្រ ស្មើនឹង ៤៨.១០ភាគរយ និងបោសសំអាតមីន​-យុទ្ធភណ្ឌមិនទាន់​ផ្ទុះជិត​៣ម៉ឺនហិកតា។ ផ្លូវក្រវាត់ព្រំដែនដែលមិនទាន់បានសាងសង់នៅសល់ប្រមាណជា ៥១.៩០ភាគរយ៕