(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ដែលជាថ្ងៃចូលសិក្សាដំបូងរបស់សិស្សានុសិស្ស បន្ទាប់ពីសម្រាកការសិក្សាអស់រយៈពេលខ្លីកន្លងមក។
ពិធីនេះមានការចូលរួមអបអរសាទរពីមន្ត្រីរាជការ គ្រប់បណ្តាអង្គភាព លោកគ្រូ អ្នកគ្រូ មាតា បិតា សិស្សានុសិស្ស សជាច្រើននាក់។ ពិធីនេះបានរៀបចំឡើងនៅវិទ្យាល័យចំណេះទូទៅនឹងបច្ចេកទេសតេជោ សែន កោះកុង ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនេះលោកស្រី មិថុនា ភូថង បានថ្លែងថា ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃការចាប់ផ្តើមការសិក្សាដំបូងរបស់ក្មួយៗ ប្អូនៗដែលទើបនឹងដល់អាយុត្រូវចូលសិក្សានៅសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗប្អូន ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតទៅតាមតំណាក់កាលក្នុងឆ្នាំសិក្សា នៅ២០២៤-២០២៥។
លោកស្រីអភិបាលខេត្ត បានបន្ថែមថា ការសិក្សា គឺជាកាតព្វកិច្ចរបស់ក្មួយៗប្អូនៗក្នុងគោលបំណងបង្កើនធនធានមនុស្សប្រកបដោយចំណេះដឹង ហើយចំណេះវិជ្ជាគ្រឹះដ៍មាំមួន ដើម្បីអនាគតនិងជួយអភិវឌ្ឍន៍ប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះ ក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។
លោក មិថុនា ភូថង បានបន្តថា នៅក្នុងឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធី ផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរបស់រដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការ ចំនួនរួមមាន៖
ទី១៖ ការពង្រឹងអភិបាលកិច្ច
ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
ទី៣៖ ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន
និងទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។