(ពោធិ៍សាត់)៖ អគារសិក្សា១ខ្នង មាន៥បន្ទប់ និងក្លោងទ្វារថ្មី ក្នុងអនុវិទ្យាល័យពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ហៀង សុផល (ហៅហ៊ាហាំង) និងលោកស្រី សុខ ធី ព្រមទាំងបុត្រ «ម្ចាស់សិប្បកម្មទឹកកកពោធិ៍កំបោរ» ដែលមានតម្លៃសរុប៨២,០០០ដុល្លារ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
នាឱកាសនោះលោក ខូយ រីដា បានចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារសិក្សាថ្មី រួមជាមួយក្លោងទ្វាថ្មី នៃអនុវិទ្យាល័យពោធិ៍សាត់នាពេលនេះ ក្រោមការឧបត្ថម្ភពីលោក ហៀង សុផល (ហៅហ៊ាហាំង) និងលោកស្រី សុខ ធី ព្រមទាំងបុត្រ «ម្ចាស់សិប្បកម្មទឹកកកពោធិ៍កំបោរ»។
លោក ខូយ រីដា បានឱ្យដឹងថា វិស័យអប់រំ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ ធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្សឱ្យទៅជាមូលធន ដែលជាទន់មួយសម្រាប់ចូលរួមការវិនិយោគប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើន។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដោយពីមុនលោកជាអតីតនាយកសាលានេះ ហើយជានិច្ចកាលលោកតែងតែចុះមកពិនិត្យស្ថានភាពជាក់ស្តែងនូវអគារសិក្សា ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សោភណ្ឌភាព និងដាំដើមឈើ ក្នុងបរិវេណសាលានោះ, ឃើញថាមានការខ្វះខាតអគារសិក្សា អគារខ្លះមានសភាពចាស់ឌ្រុដទ្រោម និងក្លោងទ្វាមិនទាន់បានស្អាតល្អ ទើបរូបលោកណែនាំដល់គណៈគ្រប់គ្រងសាលា អំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ រហូតឈានដល់បើកការដ្ឋានសាងសង់អគារសិក្សាថ្មី និងក្លោងទ្វាថ្មីនាថ្ងៃនេះ ដែលគិតជាទឹកប្រាស់សរុប ៨២,០០០ដុល្លារ។
ក្នុងឱកាសនេះលោក ខូយ រីដា បានថ្លែងអំណរគុណលោក ហៀង សុផល (ហៅហ៊ាហាំង) និងលោកស្រី សុខ ធី ព្រមទាំងបុត្រ «ម្ចាស់សិប្បកម្មទឹកកកពោធិ៍កំបោរ» ដែលបានជួយសាងសង់អគារសិក្សា រួមទាំងក្លោងទ្វានេះ និងបានជួយសម្រួលការលំបាក របស់សាលាបានមួយកម្រិតផងដែរ៕