(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ដែលជាថ្ងៃចូលរៀនដំបូងរបស់សិស្សានុសិស្ស បន្ទាប់ពីសម្រាកការសិក្សាអស់រយៈពេលខ្លីកន្លងមក។

ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក សួន សុម៉ាលីន បានលើកឡើងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។

លោកអភិបាលខេត្ត បានបន្តថា ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ មាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។

លោកបានបន្ថែមថា ឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធី ផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការ ចំនួន៤ រួមមាន៖

*ទី១៖ ការពង្រឹងអភិបាលកិច្ច
*ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
*ទី៣៖ ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន
*ទី៤៖ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»

បើតាមលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣-២០២៤ កន្លងទៅថ្មីៗនេះ ជាលទ្ធផលមាន៖ សិស្សជាប់និទ្ទេស A ចំនួន ១១៧នាក់ ស្រី៧០នាក់ សិស្សជាប់និទ្ទេស B ចំនួន ៧៦៧នាក់ ស្រី ៤៨៣នាក់ សិស្សជាប់និទ្ទេស C ចំនួន១ ៥៨៣នាក់ ស្រី ១,០២៣នាក់ សិស្សជាប់និទ្ទេស D ចំនួន ២,២៩៤នាក់ ស្រី ១,៣៤២នាក់ សិស្សជាប់និទ្ទេស E ចំនួន ២,០២៨នាក់ ស្រី ១,០៨២នាក់៕