(ស្ទឹងត្រែង)៖ វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ រៀបចំដោយរដ្ឋបាលខេត្តស្ទឹងត្រែងមានរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្ត។

ក្នុងឱកាសនោះមានឃុំ សង្កាត់ ចំនួន៣ ក្រុង ស្រុក ចំនួន៣ មន្ទីរអង្គភាពចំនួន៩ និងអង្គការដៃគូរអភិវឌ្ឍន៍ចំនួន៣ បានធ្វើបទអន្តរាគមន៍គោលលបំណងពិគ្រោះពិភាក្សាដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់អំពីដំណោះស្រាយ និងរកឃើញបញ្ហាប្រឈម សំណើ សំណូមពរដែលបានស្នើសុំអន្តរាគមន៍ដោះស្រាយមករដ្ឋបាលខេត្តសរុប៨១ ក្នុងនោះស្នើដោយរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន៤២ និងស្នើដោយរដ្ឋបាលក្រុង សរុបចំនួន៣៩ បញ្ហាប្រឈម សំណើ និងសំណូមពរដែលលើកឡើងដោយរដ្ឋបាលខេត្តសរុបចំនួន១២។

អភិបាលខេត្ត បានបង្ហាញក្តីសង្ឃឹមថា ការរៀបចំវេទិកាថ្នាក់នេះ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីធានាថាដំណើរការកំណែទម្រង់នេះបានបោះជំហ៊ានទៅមុខប្រកបដោយវិជ្ជមាន មានការចូលរួម ការគាំទ្រ និងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការ ក្នុងការរួមគ្នារៀបចំនិងពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន កាន់តែមានភាពធន រឹងមាំមានសមត្ថភាព លទ្ធភាពសមស្របក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ មូលដ្ឋានឱ្យមានវឌ្ឍនភាព និងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងមានយន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃយ៉ាងច្បាស់លាស់ ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធលើកិច្ចការកំណែទម្រង់នេះ ត្រូវបានលើកឡើង និងបានកំណត់នូវវិធានការជាក់លក្ខសំរាប់ដោះស្រាយតាមលំដាប់នៃថ្នាក់រដ្ឋបាលនិមួយៗ ទាំងនៅថ្នាក់ខេត្ត ក្រុងស្រុក និងឃុំ សង្កាត់។

លោក សរ សុពត្រា បានតវាយតម្លៃខ្ពស់ចំពោះកិច្ចដំណើរការរួម នៃអង្គវេទិកាដែលបានប្រព្រឹត្តទៅបានយ៉ាងល្អប្រសើ។ ដោយវេទិកានេះ ត្រូវពិនិត្យ និងសំរិតសំរាំងបែងចែកឱ្យបានច្បាស់លាស់នូវបញ្ហាប្រឈម ដែលបាន កើតឡើង និងដោះស្រាយដោយឃុំសង្កាត់ បញ្ហាដែលបានកើតឡើងនៅក្រុងស្រុក និងបញ្ហាប្រឈមនានាដែលស្នើឡើងដោយរដ្ឋបាលឃុំ សង្កាត់ គឺរដ្ឋបាលក្រុងស្រុក និងរដ្ឋបាលខេត្ត សំរាប់រៀបចំអនុវត្តចាត់ចែងតាមថ្នាក់ រដ្ឋបាលក្នុងខេត្តពិនិត្យពិភាក្សា ដោះស្រាយ និងស្នើសុំអន្តរាគមន៍ទៅក្រសួងស្ថាបនថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ជាការពិតណាស់ ដោយមានការគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ កន្លងមក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា៕