(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យអ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាអ្នកជំនួញល្បីឈ្មោះ ក្នុងវិស័យកសិកម្ម ​ផលិត​ជី​សរីរាង្គ​​ ដើម្បី​លក់ចែកជូន​ប្រជាកសិករ ​​​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​។ នេះយោងតាមការលើកឡើងរបស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បន្ទាប់ពីលោកបានទទួលទានអាហារពេលព្រឹក ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា «ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ ​វេលាម៉ោង​៨ព្រឹក​​ សម្តេច​មហាបវរធិបតី​ បានផ្តល់​កិត្តិយស​ដ៏​មហាខ្ពង់ខ្ពស់បំផុត​ ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លើ​វិស័យ​ផលិត​ជី​សរីរាង្គ ​(ជីធម្មជាតិ)​ ដើម្បី​លក់ចែកជូន​ប្រជាកសិករ​យើង​ ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស»

ទន្ទឹមគ្នានេះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានជំរុញ និងលើកទឹកចិត្តដល់អ្នកឧកញ៉ាពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​ ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងបន្ថែមថា ក្រោយ​ពីបានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាទី​រួច​មក​ ​លោកមានការ​កោត​សរសើរ ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ ចំពោះ​សម្តេច​ធិបតី​ឈ្លាសវៃដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ទើរតែ​គ្រប់ពាក្យទាំងអស់​ សម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​។

​ឆ្លើយតបនឹងការជំរុញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានប្តេជ្ញាថា​នឹងខិតខំ​ប្រឹងប្រែង ​រកគ្រប់​មធ្យោបាយ​ ដើម្បី​អនុវត្តឱ្យបានតាម​អនុសាសន៍​របស់​សម្តេច​ ដើម្បី​បាន​ចូលរួម​ចំណែក​បម្រើជាតិ​ប្រជាជន​ លើវិស័យ​កសិកម្ម​ កសិ-ឧស្សាហកម្ម​ និង​ទេសចរណ៍​ធម្មជាតិ​នេះ​​។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ​ត្រូវបានគេទទួលស្គាល់ថាជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ហើយនៅឆ្នាំ២០២៤នេះ លោកបានសាងសង់ផ្លូវរត់ឡូរីមួយខ្សែ ប្រើប្រាស់ថាមពលកកើតឡើងវិញប្រវែងជិត១០គីឡូម៉ែត្រ នៅក្នុងតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក។

ផ្លូវរត់ឡូរីនេះមានប្រវែងសរុប៩២០០ម៉ែត្រ ដោយបានបើកការដ្ឋានសាងសង់កាល់ពីអំឡុងខែមករា ឆ្នាំ២០២៤ ​និងបានសម្ពោធដាក់ឱ្យដំណើរការនៅ​កាលពីខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងគម្រោងនេះមានស្ថានីយសម្រាប់អ្នកដំណើរឡើងជិះឡូរីចំនួនពីរកន្លែង មានរូងក្រោមដី៣កន្លែង និងមានឡូរីសរុបចំនួន៣០គ្រឿង ដោយប្រើថាមពលអាគុយ៕