(តាកែវ)៖ ពិធីប្រណាំងទូកដែលអាជ្ញាធខេត្តតាកែវ រៀបចំធ្វើឡើងជាលើកទី១ នៅបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ដែលមានរយៈពេល២ថ្ងៃ បានចាប់ផ្ដើមហើយនៅរសៀលថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
នៅរសៀលថ្ងៃដំបូង នៃពិធីប្រណាំងទូកនៅបឹងតាកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមជាអធិបតីភាព ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមទស្សនានៅមាត់បឹងតាកែវ។
ពិធីប្រណាំងទូកនេះ មានទូកពីបណ្ដាមន្ទីរអង្កភាពជុំវិញខេត្ត និងទូករបស់រដ្ឋបាលក្រុងស្រុកទាំង១០ ក្នុងខេត្តតាកែវចំនួន៣៩ទូក និងកីឡាករអុំទូកជាង៦០០នាក់ បានចូលរួមប្រកួត។ ក្រៅពីការប្រណាំងទូកក៏មានការប្រគុំតន្រ្តី ការសម្ដែងសិល្បៈបុរាណ ការតាំងពិព័រណ៍ផលិតផល ម្ហូបអាហារប្រចាំខេត្តតាកែវមានបង្កង ពងទាកូន និងផលឹតភូមិមួយផលិតផលមួយព្រមទាំងមានការបាញ់កាំជ្រួចនាពេលយប់ផងដែរ៕