(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងពិធីនោះ បណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកល្វាឯម ក្នុងនោះបានផ្តល់ការលើកទឹកចិត្តឧបត្ថម្ភដល់សិស្សនិទ្ទេស A ចំនួន៩នាក់ នាសម័យប្រឡង ០៨ តុលា ២០២៤។

កម្មវិធីបើកបវេសនកាលនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល, លោក លោកស្រី តំណាងរដ្ឋបាលស្រុកខ្សាច់កណ្តាល, លោក លោកស្រី តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកខ្សាច់កណ្តាល និងលោក លោកស្រី តំណាង អាជ្ញាធរមូលដ្ឋានផងដែរ។

បន្ទាប់ពីការថ្លែងស្វាគមន៍ក្នុងពិធីនោះ បណ្ឌិត កៅ ថាច ក៏បានអាននូវសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៤ នឹងបានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនថ្នាក់បំប៉នរហូតទទួលបានលទ្ធផលល្អជាប់និទ្ទេស A ចំនួន៩នាក់ ក្នុងនោះ ២នាក់ផ្នែកមុខវិជ្ជាបច្ចេកទេស។

ជាមួយគ្នានេះដែរ បណ្ឌិត កៅ ថាច បានចែកជូនប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សលេខ១ និងបានជូនរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល និងបន្តជួយឧបត្ថម្ភថវិកា សំរាប់ការបំប៉នសិស្សត្រៀមនិទ្ទេស A និងការបំប៉នសិស្សត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤-២០២៥។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតបានអំពាវនាវក៏ដូចជាលើកទឹកចិត្តដល់សិស្សដែលនឹងត្រៀមខ្លួនឡើងថ្នាក់ទី១១ និងទី១២ ត្រូវតែខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត ដើម្បីដណ្តើមយកនិទ្ទេសល្អឲ្យបាន ក្រោមពាក្យថា សុ. ចិ. បុ. លិ. មានន័យថា ស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា ហើយជាពិសេសនោះ សូមយកជាគំរូសិស្សច្បងដែលបានប្រលងជាប់និទ្ទេសល្អ (A) ក្នុងឆ្នាំនេះផងដែរ៕