(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលខាងមុខនេះ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ បានបញ្ជាក់ទៀតថា ក្នុងករណីមានការព្រមព្រៀងគ្នា រវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្ត នៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់ សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។

ក្រសួងការងារ បានបន្ដទៀតថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្តអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យ ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា។ ប្រសិនបើការ ផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងតំណាងកម្មករនិយោជិត អាចពិភាក្សានិងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យ នេះ ដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជា ប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

សូមជម្រាបដែរថថា ក្នុងករណីមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវ សូមផ្តល់ព័ត៌មានមកក្រសួងតាមរយៈប្រព័ន្ធ ទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បីក្រសួងចាត់វិធានការតាមច្បាប់៕